Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ចាប់ផ្ដើមវាយប្រហារ ទៅលើប្រទេសលីបង់

spot_img

រដ្ឋធានីជេរូសាឡឹម៖ ក្រោយពេលរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ីស្រាអែល បានព្រមានដល់ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ នឹងមានជោគវាសនា ដូចគ្នានឹងក្រុមហាម៉ាស់ ប្រសិនបើពួកគេវាយប្រហារ មកលើប្រទេសរបស់ខ្លួន មិនបានប៉ុន្មានផង ឥឡូវកងទ័ពអ៊ីស្រាអែល បានចាប់ផ្ដើមបាញ់ផ្លោងយ៉ាងខ្លាំង សងសឹកទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីអ្នកនាំពាក្យ កងទ័ពអ៊ីស្រាអែល បានះអាង ថា កម្លាំងទាហានរបស់អ៊ីស្រាអែល បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) ក្រោយពេលមីស៊ីលប្រឆាំងនឹងរថក្រោះ បានបាញ់ផ្លោងចេញពីប្រទេសមួយនេះ មកលើទឹកដីរបស់អ៊ីស្រាអែល ដោយបានបណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ នៅតាមព្រំដែន រងរបួស។

មន្រ្ដីយោធាអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ជនស៊ីវិល ជាច្រើននាក់ បានរងរបួស ក្រោមការវាយប្រហារ នៅជិតភូមិដូវេវ (Dovev) ដែលមានចម្ងាយប្រហែល ៨០០ម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងលីបង់។ ជាការឆ្លើយតបវិញនោះ អ៊ីស្រាអែល បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ទៅរកកន្លែងបាញ់ផ្លោង មកលើប្រទេសរបស់ខ្លួន។

ក្រុមហ៊ុនសាជីវកម្មអគ្គិសនីអ៊ីស្រាអែល បានបញ្ជាក់ ថា មីស៊ីលបាញ់ចេញពីប្រទេសលីបង់ បានធ្វើឲ្យបុគ្គលិកជាច្រើននាក់ ដែលកំពុងតែជួសជុលខ្សែបណ្តាញអគ្គិសនី រងរបួស។

ចាប់តាំងពីក្រុមហាម៉ាស់ បានបើកការបាញ់ប្រហារ សម្លាប់យ៉ាងរង្គាល នៅលើទឹកដីរបស់អ៊ីស្រាអែល កាល៉ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំឲ្យមានសង្គ្រាម នៅតំបន់ហ្កាហ្សានោះមក អ៊ីស្រាអែល ក៏បានបាញ់ប្រហារទៅលើកងជីវពលហេសបូលឡាហ៍ នៅភាគខាងត្បូងរបស់ប្រទេសលីបង់។

បើទោះជាយ៉ាងណា ភ្លាមៗនោះ មិនមានការអះអាង អំពីអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីថ្ងៃអាទិត្យ (ទី១២ ខែវិច្ឆិកា) ប៉ុន្ដែក្រុមហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជា ហាម៉ាស់ ពួកគេទាំង២ក្រុម បានវាយប្រហារ ទៅលើអ៊ីស្រាអែល កាលពីប៉ុន្មានសប្ដាហ៍មុននេះ។

លោក យ៉ូវ ហ្កាលឡង់ត៍ (Yoav Gallant) រដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីស្រាអែល បានព្រមានដល់ក្រុមប្រដាប់អាវុធហេសបូលឡាហ៍ ថា ការធ្វើសង្គ្រាម នឹងនាំមកនូវគ្រោះមហន្ដរាយដ៏ធំធេង ដល់ប្រទេសលីបង់ ដូចគ្នាទៅនឹងតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែល កំពុងតែប្រយុទ្ធ ជាមួយនឹងកងជីវពលហាម៉ាស់។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ីស្រាអែល ប្រាប់ដល់ទាហានរបស់ខ្លួន នៅភាគខាងជើងព្រំដែនរបស់អ៊ីស្រាអែល ថា« ប្រសិនបើហេសបូលឡាហស៍ ធ្វើឲ្យមានកំហុសខុសឆ្គង វាយប្រហារមកលើអ៊ីស្រាអែល គឺពួកគេនឹងត្រូវបង់នូវការខាតបង់ដ៏ធ្ងន់ធ្ងរ ជាលើកដំបូង ហើយសកម្មភាពរបស់ពួកគេ នឹងនាំឲ្យមានគ្រោះថ្នាក់ធំបំផុត មកលើប្រជាជនលីបង់ ព្រោះអ្វីដែលយើងកំពុងតែធ្វើ នៅតំបន់ហ្កាហ្សា យើងក៏អាចធ្វើ នៅក្នុងរដ្ឋធានីប៊េរូត (Beirut) ប្រទេសលីបង់ដែរ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×