រាជធានីបាងកក៖ លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ដែលកំពុងតែជាប់ពន្ធនាគារ បានចូលរួមអាហារពេលល្ងាច ជាមួយនឹងមេដឹកនាំមកពីគណបក្សផ្សេងៗ ចំនួន១១បក្ស ដែលជាសម្ពន្ធមិត្ត នៅក្នុងរដ្ឋាភិបាលចម្រុះ បាននាំឲ្យមានការជ្រួលច្របល់ នៅក្នុងឆាកនយោបាយថៃ ដោយលើកឡើងផ្សេងៗគ្នា។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីពេលកន្លងទៅថ្មីៗនេះ ថា លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា ទើបនឹងកាន់តំណែងជាប្រធានគណបក្សភឿថៃ ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង ថា នឹងត្រូវឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី ដោយអាចនឹងមកជំនួសតំណែងរបស់លោក ស្រេតថាថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ថៃ នាពេលខាងមុខ។

លោកស្រី ផេថុងថាន កាលពីសប្ដាហ៍មុន បានច្រានចោលនូវការលើកឡើងមួយ ដោយបានអះអាង ថា លោកស្រី បានចូលរួម នៅក្នុងការជួបជុំមួយ នៅក្នុងនាមជាមេដឹកនាំគណបក្សកាន់អំណាច។
លោកស្រី ផេថុងថាន ប្រធានគណបក្សភឿថៃ បានបញ្ជាក់ ថា ការទទួលអាហារពេលល្ងាច គ្រាន់តែមានគោលបំណង ចង់បង្កើននូវភាពស្និទ្ធស្នាល ជាមួយនឹងគណបក្សចម្រុះ ហើយផ្តល់ពេលវេលាដល់លោកស្រី នៅក្នុងនាមជាអ្នកមិនធ្វើការ នៅក្នុងសភា ដោយសារតែលោកស្រី មិនមែនជាសមាជិកសភា។ នេះជាឱកាសមួយ សម្រាប់ការជួបគ្នាជាមួយឥស្សរជនសំខាន់ៗ មកពីគណបក្សផ្សេងៗគ្នា ហើយរៀនយកបទពិសោធន៍ ពីពួកគាត់តែប៉ុណ្ណោះ។

បើទោះជាយ៉ាងណា លោកស្រី ផេថុងថាន បានបញ្ជាក់ ថា លោកស្រី មិនបានផ្ដល់យោបល់ណាមួយ ដល់រដ្ឋាភិបាលនោះឡើយ ហើយការនិយាយគ្នា នៅក្នុងអំឡុងអាហារពេលល្ងាច គឺជារឿងធម្មតា ប៉ុន្ដែមិនមានអ្វីពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។ នេះជាឱកាសដំបូង សម្រាប់រដ្ឋាភិបាលចម្រុះ ដែលមានការចូលរួមមកពីគណបក្ស ចំនួន១១ ចាប់តាំងពីការបង្កើត រយៈពេល២ខែកន្លងមក៕ រក្សាសិទ្ធដោយ ៖ សារាយSN






