រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ អស់រយៈពេលជាង១ខែកន្លងមកនេះ បានធ្វើឲ្យក្រុមប្រដាប់អាវុធផ្សេងៗ នៅតំបន់មជ្ឈិមបូព៌ា គាំទ្រដោយអ៊ីរ៉ង់ ខឹងសម្បាយ៉ាងខ្លាំងខ្លាំង ដោយសារតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គាំទ្រដល់អ៊ីស្រាអែល ហើយពួកគេបានបង្កើនការវាយប្រហារជាង៥០លើក ទៅលើកងទ័ពរបស់សហរដ្ឋអាមេរិក ទាំងនៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា បើតាមមន្រ្ដីមួយរូប បានអះអាង កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិ) ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានរកឃើញការកើនឡើង នៃការវាយប្រហារទៅលើកងកម្លាំងសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់ និង ស៊ីរី។ មូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសទាំង២នេះ បានរងការវាយប្រហារ ចំនួន៥៥លើក ដោយបានបណ្ដាលឲ្យបុគ្គលិកយោធាអាមេរិក រាប់សិបនាក់ រងរបួស ចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតមក។
មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារ ចំនួន ២៧លើក ខណៈនៅស៊ីរី បានរងការវាយប្រហារ ចំនួន២៨លើក។ សកម្មភាពរបស់ក្រុមប្រដាប់អាវុធទាំងនោះ បានបណ្ដាលឲ្យកងទ័ពសហរដ្ឋអាមេរិក ចំនួន៥៩នាក់ រងរបួស។ បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទាហានដែលរងរបួសទាំងនោះ បានវិលទៅបំពេញការងារវិញហើយ ក្រោយពេលបានទទួលការព្យាបាលរួចមក។
ជាការឆ្លើយតបវិញនោះ កងទ័ពសហរដ្ឋអាមេរិកអាមេរិក បានវាយប្រហារសងសឹក ទៅលើឃ្លាំងស្ដុកគ្រឿងសព្វាវុធ និង កន្លែងហ្វឹកហ្វឺនរបស់កងជីវពល គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេស៊ីរី ផងដែរ។ ក្រុងវ៉ាស៊ីនតោន បានចាត់វិធានការរារាំង ប្រឆាំងនឹងអ៊ីរ៉ង់ និង កងជីវពល គាំទ្រដោយក្រុងតេអ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា។
ក្រោយពេលក្រុមហាម៉ាស់ បានវាយប្រហារយ៉ាងរង្គាល ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១៤០០នោះមក រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ក៏បានបញ្ជាឲ្យដាក់ពង្រាយក្រុមវាយប្រហាររបស់កងនាវាផ្ទុកយន្តហោះអាមេរិក ចំនួន២គ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត ហើយបានបញ្ជាឱ្យបង្កើនយន្តហោះចម្បាំង បន្ថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ ក៏បានបញ្ជាឲ្យបង្កើនកម្លាំងទ័ពរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ដោយបញ្ជាឱ្យក្រុមនាវាផ្ទុកយន្ដហោះវាយប្រហារ USS Dwight D. Eisenhower ខិតទៅកាន់តែជិតនឹងប្រទេសអ៊ីស្រាអែល ព្រមទាំងដាក់ពង្រាយមីស៊ីលការពារដែនអាកាស THAAD និង កងវរសេនាតូចការពារដែនអាកាស Patriot បន្ថែមទៅកាន់តំបន់នេះ។ ការដាក់ពង្រាយរបស់កងទ័ពអាមេរិក មានគោលបំណងរារាំងដល់អ៊ីរ៉ង់ មិនឲ្យចាប់យកជម្លោះរបស់អ៊ីស្រាអែល ប្រឆាំងនឹងហាម៉ាស់ ដើម្បីពង្រីកសង្គ្រាមនេះ ឲ្យកាន់តែរីករាលដាលធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា៕ រក្សាសិទ្ធដោយ ៖ សារាយSN