រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរ បន្ទាប់ពីការបង្ក្រាបដ៏ឃោរឃៅ ដោយបានសម្លាប់មនុស្ស អស់រាប់ពាន់នាក់ និង ចាប់ខ្លួនរាប់ម៉ឺននាក់ក្រោយក្រោយពេលពួកយោធា បានធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ ក្រុមចលនាប្រដាប់អាវុធ ចំនួន៣ក្រុម កំពុងតែវាយដណ្ដើម គ្រប់គ្រងទីតាំងឈរជើងជាច្រើនកន្លែងរបស់រដ្ឋាភិបាលសឹក ហើយបានកាន់កាប់ទីក្រុងយុទ្ធសាស្រ្ដមួយចំនួន នៅតាមតំបន់ព្រំដែន ជាប់ជាមួយនឹងប្រទេសចិន។
សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា បើតាមអ្នកនាំពាក្យក្រុមចលនាប្រដាប់អាវុធភូមា បានអះអាង កាលពីថ្ងៃពុធ (ទី១៥ ) ថា សមាជិកកម្លាំងសន្ដិសុខ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា រាប់សិបនាក់ បានចុះចាញ់ ឬ ខ្លះទៀតត្រូវបានចាប់ខ្លួន ក្រោមការវាយលុកដ៏ខ្លាំងក្លា ពីកងកម្លាំងប្រដាប់អាវុធ នៃក្រុមចលនាបះបោរ ដែលកំពុងតែរួមដៃគ្នាប្រយុទ្ធ ប្រឆាំងនឹងរដ្ឋាភិបាលយោធា នៅតាមតំបន់ជាច្រើន នៃប្រទេសមីយ៉ាន់ម៉ា។
ក្រុមចលនាតស៊ូប្រដាប់អាវុធ ដែលកំពុងតែប្រយុទ្ធ ដើម្បីស្វ័យភាព នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) នាភាគខាងលិច នៃប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ ថា ប៉ូលិស យ៉ាងតិច ចំនួន២៨នាក់ បានសម្រេចចិត្តបោះបង់ចោលគ្រឿងសព្វាវុធរបស់ពួកគេ យល់ព្រមចុះចាញ់ ហើយប្រគល់ខ្លួនមកឲ្យកងទ័ពអារ៉ាខាន់ (Arakan Army) ហៅកាត់ AA ខណៈទាហានរបស់របបយោធា ចំនួន១០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ។
បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters នៅតែមិនអាចផ្ទៀងផ្ទាត់ព័ត៌មាន ដោយឯករាជ្យណាមួយបាននោះឡើយ ពាក់ព័ន្ធនឹងការអះអាងរបស់កងទ័ពអារ៉ាខាន់ (AA) ដែលជាក្រុមចលនាបះបោរប្រដាប់អាវុធជនជាតិភាគតិចមួយ នៅក្នុងចំណោមក្រុមបះបោរជនជាតិភាគតិច ចំនួនបីផ្សេងទៀត កំពុងតែបើកការវាយលុក ប្រឆាំងនឹងកងកម្លាំងយោធា នៃរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ចាប់តាំងពីចុង ខែតុលា ឆ្នាំ២០២៣ រហូតមក។
រដ្ឋបាល នៃរដ្ឋរ៉ាឃីន បានអះអាង ថា បម្រាមគោចរត្រូវបានដាក់ នៅទីក្រុងធំ Sittwe (ស៊ីតថាវេ) រដ្ឋរ៉ាឃីន ជាកន្លែងដែលកងរថក្រោះរបស់របបយោធា បានសម្រុកចូលទៅទីនោះ។
ពួកឧទ្ទាមជាច្រើន បានដណ្តើមកាន់កាប់ទីប្រជុំជនជាច្រើន និង ប៉ុស្តិ៍យោធាមួយចំនួន រួមទាំងនៅតាមតំបន់ព្រំដែន ជាប់ជាមួយនឹងប្រទេសចិន។ សកម្មភាពរបស់ក្រុមចលនាប្រដាប់អាវុធទាំងនេះ កំពុងតែបង្ហាញនូវការសាកល្បងកម្លាំងយោធាដ៏ធំបំផុតរបស់ពួកគេ ប្រជែងជាមួយនឹងកងទ័ព នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានធ្វើរដ្ឋប្រហារ បណ្តេញរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ោងសាន ស៊ូជី ម្ចាស់ជ័យលាភីរង្វាន់ណូបែល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕ រក្សាសិទ្ធដោយ ៖ សារាយSN