រដ្ឋធានីសាណា(Sana’a)៖ សង្គ្រាមនៅតំបន់ហ្កាហ្សា បានធ្វើឲ្យក្រុមប្រដាប់អាវុធហេសបូលឡាហ៍ នៅប្រទេសលីបង់ និង កងជីវពលផ្សេងៗទៀត គាំទ្រដោយអ៊ីរ៉ង់ ខឹងសម្បាយ៉ាងខ្លាំង ហើយបានប្រកាសវាយប្រហារ លើប្រទេសអ៊ីស្រាអែល ស្របពេល ក្រុមប្រដាប់អាវុធហ៊ូធី នៅក្នុងប្រទេសយេមែន កំពុងតែកំណត់គោលដៅវាយប្រហារ ប្រឆាំងនឹងនាវារបស់អ៊ីស្រាអែល នៅសមុទ្រក្រហម និង តំបន់ណាដែលពួកគេអាចវាយប្រហារទៅដល់។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា មេដឹកនាំក្រុមហ៊ូធី (Houthi) បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) ថា កងជីវពលរបស់គាត់ នឹងវាយប្រហារបន្ថែមទៀត ទៅលើប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានកំណត់គោលដៅ វាយប្រហារទៅលើនាវារបស់អ៊ីស្រាអែល ទាំងនៅសមុទ្រក្រហម និង ច្រកសមុទ្របាបអាល់-ម៉ាន់ដេប (Bab al-Mandeb) ក៏ដូចជាដែនទឹក នៃប្រទេសយេមែន។
ក្រុមឧទ្ធាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេមែន បានវាយប្រហារ ដោយដ្រូនជាច្រើនគ្រឿង និង មីស៊ីល ជាច្រើនគ្រាប់ ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងខែវិច្ឆិកានេះ។ ការវាយប្រហាររបស់ក្រុមប្រដាប់អាវុធមួយនេះ កំពុងតែបង្ហាញ អំពីហានិភ័យ ដល់សង្គ្រាម រវាងអ៊ីស្រាអែល និង ក្រុមជីវពលហាម៉ាសរបស់ប៉ាឡេស្ទីន អាចនឹងពង្រីកជម្លោះនេះ កាន់តែធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។

អ្នកនាំពាក្យ ក្រុមប្រដាប់អាវុធហ៊ូធី បានអះអាង កាលពីថ្ងៃអង្គារ (ទី១៤ ខែវិច្ឆិកា) ថា កងជីវពលហ៊ូធីយេមែន បានបាញ់មីស៊ីលបាល្លិស្ទីក (Ballistic Missile) ជាច្រើនគ្រាប់ទៅលើគោលដៅផ្សេងៗ ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ដោយរួមទាំងទីក្រុងអេឡាត (Eilat) ជាចំណុចដ៏រសើបរបស់អ៊ីស្រាអែល។ ការបាញ់ផ្លោងរបស់ពួកគេ បានកើតឡើង ក្រោយពេលប្រតិបត្ដិការសឹក ដោយដ្រូន រយៈពេល២៤ម៉ោង ទៅលើគោលដៅដូចគ្នានោះ នៅលើទឹកដីរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យ ក្រុមប្រដាប់អាវុធហ៊ូធី បានសង្កត់ធ្ងន់ ថា ក្រុមរបស់គាត់ នឹងមិនស្ទាក់ស្ទើរ ចំពោះការកំណត់គោលដៅវាយប្រហារណាមួយ ទៅលើនាវារបស់អ៊ីស្រាអែល នៅសមុទ្រក្រហម និង នៅកន្លែងផ្សេងទៀត ដែលពួកគេអាចវាយប្រហារទៅដល់។

ក្រុមប្រដាប់អាវុធហ៊ូធី ដែលបានធ្វើសង្រ្គាម ប្រឆាំងនឹងក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១៥ រហូតមក បានលេចចេញជាកម្លាំងយោធាដ៏ខ្លាំងក្លាមួយ នៅឧបទ្វីបអារ៉ាប់ ជាមួយនឹងអ្នកប្រយុទ្ធ រាប់ម៉ឺននាក់ ហើយមានឃ្លាំងអាវុធមីស៊ីលផ្លោងដ៏ច្រើន និង មានដ្រូនបំពាក់អាវុធ ផងដែរ។ ក្រុមនេះ កំពុងតែគ្រប់គ្រង នៅតំបន់ភាគខាងជើងយេមែន និង ឆ្នេរសមុទ្រក្រហម។
លោក អាប់ឌូលម៉ាលីក អាល់-ហ៊ូធី (Abdulmalik al-Houthi) មេដឹកនាំចលនាហ៊ូធី បានបញ្ជាក់ នៅតាមប្រព័ន្ធផ្សព្វផ្សាយ ថា «ភ្នែករបស់យើង កំពុងតែសម្លឹងមើល និង ស្រាវជ្រាវស្វែងរកនាវាណាមួយ ជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ទាំងនៅសមុទ្រក្រហម ជាពិសេស នៅច្រកសមុទ្រ Bab al-Mandab និង នៅជិតដែនទឹក នៃតំបន់របស់យេមែន។
សង្រ្គាមនៅយេមែន បានឈានទៅដល់ការជាប់គាំង ខណៈការប្រយុទ្ធគ្នា ភាគច្រើនបានបញ្ឈប់ ប៉ុន្តែភាគីទាំងពីរ បានបរាជ័យ នៅក្នុងការបន្តបទឈប់បាញ់ ក្រោមការសម្របសម្រួល ដោយអង្គការសហប្រជាជាតិ ដែលបានផុតកំណត់ តាំងពីខែតុលា កន្លងទៅ៕ រក្សាសិទ្ធដោយ៖ សារាយSN






