Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពកំពូលឃឺដស៍អ៊ីរ៉ង់ ប្ដេជ្ញាជួយក្រុមហាម៉ាស់ ធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល

spot_img

រដ្ឋធានីតេអ៊ីរ៉ង់៖ សង្គ្រាមវាយប្រហារសងសឹក នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើងដល់ ជាង ១១ ៣០០នាក់ ហើយក្នុងនោះមានកុមារប្រហែល៤០ភាគរយ ប៉ុន្ដែឥឡូវនេះ មេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ បានប្ដេជ្ញាជួយដល់ក្រុមហាម៉ាស់ តាមតែអ្វីដែលអាចធ្វើបាន ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល។

សារព័ត៌មាន Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) ថា លោក អេស្មាល់ ហ្កាអានី (Esmail Qaani) មេបញ្ជាការកំពូលកងកម្លាំងឃឺដស៍ (Quds) ដែលជាកងឯកភាពមួយ នៅក្នុងចំណោមកងឯកភាពទាំង៥របស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ នៅក្នុងសារមួយ ផ្ញើទៅកាន់លោក ម៉ូហាមមេត ឌេហ្វ (Mohammed Deif) មេបញ្ជាការកំពូល នៃក្រុមប្រដាប់អាវុធហាម៉ាស់ ថា អ៊ីរ៉ង់ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង តាមតែអាចធ្វើទៅបាន ដើម្បីជួយក្រុមហាម៉ាស់ នៅក្នុងការធ្វើសង្គ្រាម ទប់ទល់ជាមួយនឹងអ៊ីស្រាអែល។

លោកមេទ័ពកំពូលឃឺដស៍អ៊ីរ៉ង់ ហ្កាអានី បានបញ្ជាក់ នៅក្នុងលិខិតមួយផ្ញើ ទៅកាន់មេបញ្ជាការកងពលតូចអេហ្សេឌីន អាល់-ហ្កាសសាម (Ezzedine al-Qassam Brigades) ដែលជាស្លាបប្រដាប់អាវុធហាម៉ាស់ ថា «បងប្អូនរបស់លោកមេបញ្ជាការ កំពុងតែតស៊ូរួមគ្នា ជាមួយនឹងលោកមេបញ្ជាការ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យសត្រូវ សម្រេចគោលដៅដ៏កខ្វក់របស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា និង ជ័យជម្នះលើប្រជាជនប៉ាឡេស្ទីន នោះដែរ។

ការតស៊ូទាំងនេះ សំដៅទៅលើបណ្តាញក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់ ដែលគាំទ្រដោយអ៊ីរ៉ង់ រួមមាន ក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន, ហេសបូលឡាហ៍របស់លីបង់ និង កងជីវពលជាច្រើនផ្សេងទៀត ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់, ស៊ីរី និង កងជីវពល នៅក្នុងប្រទេសយេមែន។

លោកមេបញ្ជាការកំពូលឃឺដស៍អ៊ីរ៉ង់ រូបនេះ បានសង្កត់ធ្ងន់ ថា «យើងឈរលើការសន្យារបស់យើង ជាមួយបងប្អូនរបស់យើង រួបរួមគ្នា ហើយយើងធានា ចំពោះអ្នកទាំងអស់គ្នា ថា យើងនឹងធ្វើអ្វីគ្រប់ៗយ៉ាង ដែលជាតម្រូវការចាំបាច់ នៅក្នុងសមរភូមិជាប្រវត្តិសាស្ត្រនេះ»។

កងកម្លាំងឃឺដស៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ ហ្កាអានី Qaani ជាបណ្ដាញប្រតិបត្តិការបរទេស សម្រាប់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)។

លិខិតរបស់លោកមេបញ្ជាការកំពូលឃឺដស៍ ហ្កាអានី បានធ្វើឡើង ត្រឹមតែរយៈពេលមួយថ្ងៃ ក្រោយពេលទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍ ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាមេនី (Ali Khamenei) បានប្រាប់ដល់មេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីស្មាល់ ហានីយេស (Ismail Haniyeh) កាលពីដើម ខែវិច្ឆិកា ថា រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នឹងមិនធ្វើសង្គ្រាម ជាមួយអ៊ីស្រាអែល នៅក្នុងនាមប៉ាឡេស្ទីន នោះឡើយ។

លោក អូសាម៉ា ហាមដាន់ (Osama Hamdan) មន្រ្ដីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) បានទាត់ចោលនូវសេចក្ដីរាយការណ៍នោះ ដោយអះអាង ថា វាជារឿងមិនពិត។ អ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយដូច្នេះនោះឡើយ។

ការកើនឡើងជម្លោះ រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានផ្ទុះឡើង ក្រោយពេលកងជីវពលហាម៉ាស បានសម្រុកចេញពីតំបន់ហ្កាហ្សាស្ទ្រីប វាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។ នេះបើតាមក្រុមមន្រ្ដីរបស់អ៊ីស្រាអែល បានអះអាង។

បើតាមអាជ្ញាធរសុខាភិបាល នៅតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស់ បានអះអាង ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើងលើសពី ១១ ០០០នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×