រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមរបស់អ៊ីស្រាអែល សងសឹកគ្នាទៅវិញទៅមក ប្រឆាំងនឹងក្រុមហាម៉ាស់ បានសម្លាប់មនុស្សទាំងសងខាង កើនឡើង ជាង ១០០០០នាក់ ហើយឥឡូវប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាង អំពីអាជ្ញាធរប៉ាឡេស្ទីន នៅទីបំផុត គួរតែគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) និង វេស្ដបែង (West Bank) ក្រោយការបញ្ចប់សង្គ្រាមនេះ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងអត្ថបទវិចារណកថាមួយ បានចុះផ្សាយ នៅលើទំព័រសារព័ត៌មាន Washington Post ថា «នៅពេលយើងខិតខំសម្រាប់ស្ដារសន្តិភាព នៅហ្គាហ្សា និង តំបន់វេស្ដបែង គួរតែត្រូវបង្រួបបង្រួមគ្នាឡើងវិញ ក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចតែមួយ នៅទីបំផុត ត្រូវស្ថិតនៅក្រោមអាជ្ញាធរប៉ាឡេស្ទីន ត្រូវបានស្តារឡើងវិញ ដូចអ្វីដែលយើងទាំងអស់គ្នា ធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «មិនមានការផ្លាស់ទីលំនៅ ដោយបង្ខំ ដល់ជនជាតិប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ដោយគ្មានការកាន់កាប់ឡើងវិញនូវតំបន់នោះ គ្មានការឡោមព័ទ្ធ ឬ ការរារាំង និង គ្មានការកាត់បន្ថយទឹកដីនោះឡើយ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រើប្រាស់សារព័ត៌មាននេះ ដើម្បីព្យាយាមឆ្លើយនូវសំណួរ អំពីអ្វីដែលសហរដ្ឋអាមេរិក ចង់បាន សម្រាប់តំបន់ហ្កាហ្សា ស្របពេលជម្លោះ ត្រូវបានបញ្ចប់។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ ថា អ៊ីស្រាអែល ត្រូវតែរក្សានូវការខុសត្រូវ លើផ្នែកយោធាទាំងមូល នៅក្នុងតំបន់ហ្កាហ្សា សម្រាប់អនាគតដ៏ខ្លីខាងមុខ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរៀបចំចេញបម្រាម ប្រឆាំងនឹងក្រុមភេរវករ វាយប្រហារទៅលើជនស៊ីវិល នៅក្នុងតំបន់វេស្ដបែង។ អំពើហិង្សា ដោយអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ West Bank ត្រូវបានកាន់កាប់ ដោយអ៊ីស្រាអែល បានកើតឡើង ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន១ ៤០០នាក់។
តំបន់វេស្ដបែង ជាទីរស់នៅរបស់ជនជាតិប៉ាឡេស្ទីន ចំនួន៣លាននាក់ នៅក្នុងចំណោមនោះ មានអ្នកតាំងលំនៅឋាន ជាងកន្លះលាន។ ដោយឡែក មន្រ្ដីសុខាភិបាល នៅតំបន់ហ្កាហ្សា បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ បានសម្លាប់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងហោចណាស់ ១២ ០០០នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី