រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមសងសឹកគ្នា រវាងអ៊ីស្រាអែល និង ក្រុមប្រដាប់អាវុធហាម៉ាស់ អស់រយៈពេលជាង១ខែកន្លងមកនេះ បានសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា កើនឡើង ជាង ១៣ ០០០នាក់ ចាប់តាំងពីក្រុមជីវពលរបស់ប៉ាឡេស្ទីន មួយនេះ បានឆ្មក់វាយប្រហារទៅលើប្រទេសមួយនេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ ប៉ុន្ដែឥឡូវ កងទ័ពអ៊ីស្រាអែល បានអះអាង អំពីការរកឃើញរូងក្រោមដី មានជម្រៅ១០ម៉ែត្រ នៅក្រោមមន្ទីរពេទ្យដ៏ធំបំផុត នៅតំបន់ហ្កាហ្សា។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា កងទ័ពអ៊ីស្រាអែល បានអះអាង កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) ថា កងទ័ពរបស់ខ្លួន បានរកឃើញរូងក្រោមដីរបស់ក្រុមហាម៉ាស់ នៅក្រោមមន្ទីរពេទ្យអាល់-ស៊ីហ្វា (Al-Shifa) ដែលជាមន្ទីរពេទ្យដ៏ធំបំផុត នៅទីក្រុងហ្កាហ្សា។
កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «កងទ័ពអ៊ីស្រាអែល បានរកឃើញរូងក្រោមដី មានជម្រៅ១០ម៉ែត្រ ប្រវែង៥៥ម៉ែត្រ នៅក្រោមអគារមន្ទីរពេទ្យអាល់-ស៊ីហ្វា។ រូងក្រោមដីនេះ ត្រូវបានរៀបចំ នៅក្រោមមន្ទីរពេទ្យដ៏ធំបំផុត នៃតំបន់នេះ។
មន្ទីរពេទ្យ Al-Shifa បានក្លាយជាដ៏ក្ដៅគគុក សម្រាប់ប្រតិបត្តិការសឹករបស់អ៊ីស្រាអែល ដោយសារតែកងទ័ពរបស់ប្រទេសនេះ បានអះអាង ថា ក្រុមហាម៉ាស់ កំពុងតែប្រើប្រាស់មន្ទីរពេទ្យធំបំផុតមួយនេះ ជាមូលដ្ឋាន សម្រាប់លាក់ខ្លួនរបស់ពួកគេ។ ដោយឡែក មេដឹកនាំក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា និង បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យនេះ បានបដិសេធនូវការចោទប្រកាន់របស់អ៊ីស្រាអែល។
លោក ដានីញ៉ែល ហា្ករី (Daniel Hagari) អ្នកនាំពាក្យ កងទ័ពអ៊ីស្រាអែល បានប្រាប់ដល់ក្រមអ្នកយកព័ត៌មាន ថា ច្រកចូល ត្រូវបានរកឃើញ ខណៈរថយន្តឈូសឆាយយោធាមួយគ្រឿង របស់អ៊ីស្រាអែល បានបុកទម្លុះជញ្ជាំងពីខាងក្រៅ នៃអគារមន្ទីរពេទ្យនោះ ហើយបានរកឃើញបង្គោលដ៏រឹងមាំមួយ ដោយមានជណ្តើរតម្រៀបចុះ មានជម្រៅ១០ម៉ែត្រ។ នេះជារូងក្រោមដ៏ធំមួយ មានប្រវែង៥៥ម៉ែត្រ …ហើយវាមានទ្វារសម្រាប់បំផ្ទុះ។ ប៉ុន្ដែកងទ័ពអ៊ីស្រាអែល នៅមិនទាន់បើកទ្វារនោះនៅឡើយ ព្រោះតែមានការភ័យខ្លាច អាចនឹងគ្រោះថ្នាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN