Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរបបសឹកមីយ៉ាន់ម៉ា ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយក្រុមចលនាតស៊ូ ធ្វើឱ្យជាប់គាំងជនជាតិថៃរាប់រយនាក់

រាជធានីបាងកក៖ កងទ័ពរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បាន និង កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយនឹងក្រុមចលនាតស៊ូប្រដាប់អាវុធ នៅភាគខាងជើងរបស់ប្រទេសអាស៊ានមួយនេះ ហើយសកម្មភាពដ៏គ្រោះថ្នាក់បែបនេះ បានធ្វើឲ្យជនជាតិថៃ រាប់រយនាក់ជាប់ នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានដកស្រង់ប្រភព ពីក្រសួងការបរទេសថៃ បានអះអាង កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) ថា ជនជាតិថៃ ជាង ២៦៦នាក់ បានជាប់នៅតំបន់ភាគខាងជើងរបស់ប្រទេសមីយ៉ាន់ម៉ា ដោយសារតែមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពរដ្ឋាភិបាលយោធា និង សម្ពន្ធភាពប្រដាប់អាវុធ នៃក្រុមជនជាតិភាគតិច។ ប៉ុន្ដែឥឡូវ ពួកគេ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសថៃវិញ តាមរយៈប្រទេសចិន។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំង បានកើតឡើង នៅពាសពេញប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុង ខែតុលា ឆ្នាំ២០២៣ រហូតមក ខណៈកងទ័ពសម្ពន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (ហៅកាត់ MNDAA), កងទ័ពរំដោះជាតិតាអាង (Ta’ang) ហៅកាត់ TNLA និង កងទ័ពអារ៉ាខាន់ (Arakan) ហៅកាត់ AA កំពុងតែរួមដៃគ្នា វាយប្រហារប្រឆាំងនឹងរបបគ្រប់គ្រងយោធា។

នៅតាមជួរភ្នំ និង ព្រៃក្រាស់ ស្ថិតក្នុងរដ្ឋសាន (Shan) នាភាគខាងជើងរបស់ប្រទេសមីយ៉ាន់ម៉ា ជាប់នឹងព្រំដែនជាមួយប្រទេសចិន ក្លាយជាសមរភូមិ វាយប្រហារយ៉ាងក្ដៅគគុក រវាងក្រុមសម្ពន្ធភាពចលនាតស៊ូ និង កងទ័ពរដ្ឋាភិបាលយោធា។

ក្រសួងការបរទេសថៃ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ  (ទី១៩ ខែវិច្ឆិកា) ថា អាជ្ញាធរមីយ៉ាន់ម៉ា បានជួយជម្លៀសជនជាតិថៃ ចំនួន ២៦៦នាក់ ចេញពីទីក្រុងឡកកៃ (Laukkai) ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ព្រំដែនរបស់ប្រទេសចិន ដោយមានចម្ងាយ ប្រហែល ១០គីឡូម៉ែត្រ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកយោធា បានធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និង ការបង្ក្រាបដ៏ឃោរឃៅរបស់ពួកយោធា។ អំពើរដ្ឋប្រហារនេះ បានសម្លាប់មនុស្ស យ៉ាងតិចជាង ៣ ០០០នាក់ និង ជិត ២០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ដាក់ពន្ធនាគារ រហូតមកដល់សព្វថ្ងៃនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×