Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិទូទាំងអាស៊ាន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរួម និងការដឹកប្រកបដោយសមធម៌ ពេញលេញ របស់ស្រ្តីលើវិស័យរក្សាសន្តិភាព និងសន្តិសុខ នៃអង្គការសហប្រជាជាតិ

spot_img

ភ្នំពេញៈ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លើ លទ្ធផលរកឃើញបឋម នៃការវាយតម្លៃវាស់វែងឱកាសរបស់ស្រ្តី ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ អ.ស.ប (MOWIP) ។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីនៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមគម្រោងមូលនិធី Elsie ។

លោកស្រី Nikki Singer នាយកប្រតិបត្តិមជ្ឈមណ្ឌល CPCS បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងជួយលើកស្ទួយដល់ស្ត្រី ក៏ដូចជាយោធិននារីក្នុងការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប រយៈពេលកន្លងមក។ ក្នុងនោះលោកស្រីក៏បានថ្លែងពីសហប្រតិបត្តិការយ៉ាងល្អរវាង មជ្ឈមណ្ឌល CPCS ជាមួយក្រុមការងារ UN Women រួមទាំងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមផងដែរ។

លោកស្រី Ruangkhao Ryce Chanchai ប្រធានកម្មវិធីអភិបាលកិច្ចសន្តិភាព និងសន្តិសុខអាស៊ាន បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងបំណងបង្កើនការចូលរួមរបស់ស្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព។ លោកស្រីបន្ថែមថា ក្រសួងការពារជាតិទូទាំងអាស៊ាន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការចូលរួម និងការដឹកប្រកបដោយសមធម៌ពេញលេញរបស់ស្រ្តីលើវិស័យរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសក្នុងការគ្រប់គ្រង បង្ការ និងដោះស្រាយជម្លោះ ឆ្ពោះទៅកាន់សន្តិភាព និងសុវត្ថិភាព ប្រកបដោយស្ថេរភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា ចាប់តាំងពីការបញ្ចូនកងកម្លាំងរក្សាសន្តិភាពឆ្នាំ២០០៦មក កម្ពុជាតែងតែគំាទ្រនូវការចូលរួមរបស់ស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាព ហើយបច្ចុប្បន្នកម្ពុជាបានបញ្ចូលកងកម្លាំងសរុបចំនួន ៨៤៨នាក់ កំពុងបំពេញបេសកកម្ម ៥ប្រទេស ក្នុងនោះមានស្រ្តី ១៦.៩៨ភាគរយ ។ ក្រៅពីនេះកម្ពុជាបានបញ្ជូនកម្លាំងនារីរហូតដល់ ៤៧ភាគរយ ទៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ៤៨ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារីនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាទទួលបានលេខរៀងទី៩ លើ១២៣ប្រទេសបរិច្ចាគកងកម្លាំង និងលេខ១ ក្នុងអាស៊ាន ហើយទន្ទឹមនឹងនេះកម្ពុជាក៏បានប្តេជ្ញាសម្រេចអោយបានលើសគោលដៅសមភាពយេនឌ័រ ២០២៨ របស់ អ.ស.ប លើស ២៥ភាគរយ សម្រាប់ចំនួនស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ រំពឹងថាអង្គសិក្ខាសាលានេះ នឹងបន្តកិច្ចសហការល្អ និងពិភាក្សាពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលខ្លឹមសាររបាយការណ៍នេះអោយបានកាន់តែសុក្រិត ប្រែក្លាយ ជារបាយការណ៍មួយមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវគុណភាព និងផ្តល់ទំនុកចិត្តខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×