រដ្ឋធានីម៉ានីល៖ រហូតមកដល់ពេលនេះ បណ្ដាប្រជាជាតិអាស៊ាន កំពុងតែប្រឈមមុខនឹងការលំបាកបំផុតមួយ នៅក្នុងការដោះស្រាយបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសជាសមាជិករបស់ខ្លួនមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្ដិដ៏ធ្ងន់ធ្ងរបំផុត ក្រោយពេលពួកយោធា បានធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ ថា ជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គ្រប់គ្រងដោយរបបយោធា កំពុងតែក្លាយជាបញ្ហាដ៏លំបាកបំផុតមួយ សម្រាប់ប្លុកអាស៊ាន ត្រូវដោះស្រាយ ដោយសារតែមានការវិវឌ្ឍតិចតួចបំផុត នៅក្នុងការឆ្ពោះទៅកាន់ដំណោះស្រាយមួយ ខណៈការវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសនេះ កំពុងតែតានតឹងខ្លាំងបំផុត។
ថ្លែងក្នុងវេទិកាមួយ នៅក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមរិក ដោយបានផ្សាយបន្ដផ្ទាល់ នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) លោកប្រធានាធិបតី ម៉ាកូស បានសង្កត់ធ្ងន់ ថា មានការប្តេជ្ញាចិត្ត ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) ប៉ុន្តែបញ្ហានេះ មានភាពស្មុគស្មាញខ្លាំងណាស់ រួមទាំងផលប៉ះពាល់ដល់មនុស្សធម៌ ថែមទៀតផង។
អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ប្រជាពលរដ្ឋ ជាង ១លាននាក់ បានរត់ចោលផ្ទះសម្បែង ចាប់តាំងពីពួកយោធា បានធ្វើរដ្ឋប្រហារ ដណ្ដើមអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។
លោកប្រធានាធិបតី ម៉ាកូស បានបន្ថែម ថា «មានកម្លាំងរុញច្រានយ៉ាងខ្លាំង សម្រាប់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ ប៉ុន្តែវាជាបញ្ហាដ៏លំបាកបំផុត សម្រាប់អាស៊ាន»។
ការបង្ក្រាបដ៏ឃោរឃៅ ក្រោយអំពីរដ្ឋប្រហាររបស់របបយោធា ទៅលើក្រុមអ្នកប្រឆាំង បានបង្កើតឱ្យមានចលនាតស៊ូប្រដាប់អាវុធងើបបះបោរឡើង ហើយបាន និងកំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតាមបណ្ដារដ្ឋមួយចំនួន។ ទន្ទឹមគ្នានេះដែរ បណ្ដាប្រទេសអាស៊ាន បានហាមមេទ័ពកំពូលមីយ៉ាន់ម៉ា មិនឲ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន រហូតដល់ពួកគេ ប្តេជ្ញាចិត្ត ធ្វើតាមផែនទីបង្ហាញផ្លូវសន្តិភាព រយៈពេលពីរឆ្នាំរបស់ប្លុកនេះ។ ជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ខណៈពួកយោធារបស់រដ្ឋាភិបាលសឹក បង្កើនការវាយលុក ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិច ចំនួន៣ក្រុម និង ក្រុមចលនាតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោកប្រធានាធិបតីម៉ាកូស បានលើកឡើង នៅក្នុងការវិភាគ អំពីការកើនឡើង នៃការវាយប្រយុទ្ធគ្នា កាលពីពេលថ្មីៗនេះ ថា របបយោធា បានបាត់បង់នូវការគាំទ្រ ពីកងទ័ពរបស់ខ្លួន រួចទៅហើយ។ រីឯការចំណាយផ្នែកមនុស្សធម៌ សម្រាប់ជម្លោះ បានកើនឡើងយ៉ាងខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសហ្វីលីពីន ក៏បានរងផលប៉ះពាល់ផងដែរ ជាមួយនឹងពលរដ្ឋរបស់ខ្លួន នៅក្នុងចំណោមជនរងគ្រោះ ពីការជួញដូរមនុស្ស នៅទីនោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN