ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្មវិធី CAFE25 គឺជាការគិតគូររកដំណោះស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសការចូលរួមគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យធនាគារ បច្ចេកទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផលចំណេញទាំងអស់គ្នា។ លេីសពីនេះ ការផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍នានា ចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសេីរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ FAO ដែលជាដៃគូជិតស្និត អង្គការ វិស័យឯកជន និងនិស្សិតស័្មគ្រចិត្តទាំងអស់ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដេីម្បីដំណេីរការកម្មវិធី CAFE25 បានបញ្ចប់ដោយជោគជ័យ និងមានការគាំទ្រពេញទំហឹងពីសំណាក់បងប្អូនទាំងអស់ សំដៅលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




































