រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមដេញតាមកម្ទេចក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បានបង្កឲ្យមានជម្លោះកាន់តែក្ដៅគគុកឡើង នៅតាមព្រំដែនរួមគ្នា រវាងអ៊ីស្រាអែល និង លីបង់ ស្របពេលកងជីវពលហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់ បានបង្កើននូវការវាយប្រហារ ដោយដ្រូន មីស៊ីល និង គ្រាប់កាំភ្លើងផ្លោង ប្រឆាំងនឹងអ៊ីស្រាអែល។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ទីប្រឹក្សាជាន់ខ្ពស់មួយរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ព្រោះតែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែការពារ រារាំងជម្លោះ នៅតំបន់ហ្កាហ្សា រីករាលដាលទៅដល់ប្រទេសលីបង់ និង ប្រទេសផ្សេងៗ នៅតំបន់មជ្ឈិមបូព៌ា។
លោក អាម៉ូស ហូចស្ដេន (Amos Hochstein) ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) ជាកន្លែងដែលគាត់ គ្រោងនឹងជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែល ដើម្បីពិភាក្សាគ្នា អំពីសង្គ្រាមរបស់អ៊ីស្រាអែល ដែលកំពុងបន្ត ដេញតាមកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន។
ក្រុមហេសបូលឡារបស់លីបង់ និង អ៊ីស្រាអែល បានវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។
ក្រុមហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) ថា ពួកគេបានបាញ់បង្ហោះដ្រូន បាញ់មីស៊ីល និង គ្រាប់កាំភ្លើងផ្លោង ចូលទៅក្នុងបន្ទាយទាហានរបស់អ៊ីស្រាអែល។ ជាការឆ្លើយតបវិញនោះ អ៊ីស្រាអែល បានវាយប្រហារ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធហេសបូលឡាហ៍ ជាង៧០នាក់ និង ជនស៊ីវិលលីបង់ យ៉ាងតិច ចំនួន១០នាក់ រួមទាំងអ្នកកាសែតផងដែរ។ បើទោះជាយ៉ាងណា អ៊ីស្រាអែល មិនបានបង្ហាញ ថាតើទាហានរបស់ខ្លួន មានចំនួនប៉ុន្មាននាក់ បានស្លាប់ ក្រោមានការវាយប្រហាររបស់ក្រុមហេសបូលឡាហ៍ នោះឡើយ។
សហរដ្ឋអាមេរិក បានចាប់ផ្ដើមដាក់ពង្រាយកងនាវាផ្ទុកយន្ដហោះ ទៅកាន់សមុទ្រមេឌីទែររ៉ាណេ ដើម្បីរារាំងដល់អ៊ីរ៉ង់ និង បណ្ដាប្រទេសមូស្លីមផ្សេងៗទៀត ចូលពាក់ព័ន្ធនៅក្នុងសង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឲ្យជម្លោះនេះ រីករាលដាលកាន់តែធំ នៅក្នុងតំបន់មជ្ឈិមបូព៌ា។
មន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល បានសម្លាប់អ្នករស់នៅតំបន់នេះ កើនឡើង ដល់ជាង ១៣ ៣០០នាក់ ហើយក្នុងនោះមានប្រហែល៤០ភាគរយ ជាកុមារ៕ រក្សាសិទ្ធដោយ ៖ សារាយSN