Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល ប្រជុំសម្រេចលើកិច្ចព្រមព្រៀងសម្រាប់ជំរុញឲ្យហាម៉ាស់ ដោះលែងចំណាប់ខ្មាំង

រដ្ឋធានីជេរូសាឡឹម៖ សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើង រហូតដល់ជាង ១៤ ០០០នាក់ ខណៈការវាយប្រហារកំពុងតែបន្ដ ហើយឥឡូវនេះ ក្រុមមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីស្រាអែល បានប្រជុំសម្រេចលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញឲ្យកងជីវពលរបស់ប៉ាឡេស្ទីនមួយនេះ ដោះលែងចំណាប់ខ្មាំង។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានអះអាង ថា សង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ នឹងនៅតែបន្ដ បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រាប់ដោះលែងចំណាប់ខ្មាំងយ៉ាងណាក្ដី។

បើតាមមន្រ្ដីសហរដ្ឋអាមេរិកមួយរូប បានឲ្យដឹង ថា ចំណាប់ខ្មាំង ចំនួន៥០នាក់ ដែលត្រូវបានចាប់ពង្រត់ ចេញពីប្រទេសអ៊ីស្រាអែល អាចនឹងត្រូវដោះលែង នៅក្នុងការដោះដូរ ជាមួយនឹងអ្នកទោសប៉ាឡេស្ទីន ចំនួន១៥០នាក់ ហើយមានការផ្អាកបាញ់ប្រហារគ្នា រយៈពេលប្រហែល៤ទៅ៥ថ្ងៃ។

ក្រុមហាម៉ាស់ បានដោះលែងអ្នកត្រូវបានចាប់ឃុំ ចំនួន៤នាក់ ហើយស្លាបប្រដាប់អាវុធរបស់កងជីវពលជីហាអ៊ិស្លាមមួយនេះ ក៏បានប្រកាស អំពីការស្លាប់ចំណាប់ខ្មាំងរបស់អ៊ីស្រាអែលម្នាក់ផ្សេងទៀតផងដែរ។

លោកនាយករដ្ឋមន្រ្ដី បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) បានស្នើដល់រដ្ឋាភិបាលរបស់គាត់ ទទួលយកកិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន ដើម្បីដោះលែងចំណាប់ខ្មាំងមួយចំនួន នៅតំបន់ហ្កាហ្សា សម្រាប់ជាការដោះដូរ ជាមួយនឹងបទឈប់បាញ់គ្នា រយៈពេលច្រើនថ្ងៃ បើទោះជាមានការស្លាប់ចំណាប់ខ្មាំងម្នាក់ យ៉ាងណាក្ដី

ក្រុមមន្រ្ដី មកពីប្រទេសកាតារ កំពុងតែធ្វើជាអ្នកសម្របសម្រួល ជំរុញឲ្យមានកិច្ចចរចាគ្នា ក៏ដូចជា សហរដ្ឋអាមេរិក អ៊ីស្រាអែល និង ក្រុមហាម៉ាស់ កាលពីប៉ុន្មានថ្ងៃមុននេះ បានអះអាង ថា កិច្ចព្រមព្រៀងមួយ អាចនឹងកើតមានឡើង។

នៅមុនការប្រជុំពេញអង្គរបស់រដ្ឋាភិបាលអ៊ីស្រាអែល នោះ លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) បានជួបជាមួយគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់គាត់ និង គណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ ជជែកគ្នា ផ្ដោតលើកិច្ចព្រមព្រៀងនេះ។ ក្រុមហាម៉ាស់ ត្រូវបានគេជឿថា កំពុងតែចាប់ចំណាប់ខ្មាំង ជាង២០០នាក់ ក្រោយពេលក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានឆ្មក់វាយប្រហារ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១ ៤០០នាក់។ នេះបើក្រុមមន្រ្ដីអ៊ីស្រាអែល បានអះអាង។

លោកនាយករដ្ឋមន្រ្ដី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ ថា កិច្ចអន្ដរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានជួយធ្វើឲ្យកិច្ចព្រមព្រៀងនេះកាន់តែមានភាពល្អប្រសើរឡើង ដោយរាប់បញ្ចូលទាំងចំណាប់ខ្មាំង សម្រាប់ការជំរុញឲ្យមានការធ្វើសម្បទានមួយចំនួនផងដែរ។

បើតាមក្រុមមន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើង លើសពី ១៤ ០០០នាក់ ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានចំនួន៤០ភាគរយ ជាកុមារ៕រក្សាសិទ្ធដោយ ៖ សារាយSN

×