រដ្ឋធានីជេរូសាឡឹម (Jerusalem)៖ ក្រោយការវាយប្រយុទ្ធសងសឹកគ្នា អស់រយៈពេលជាង១ខែកន្លងមកនេះ អ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយ សម្រាប់ការដោះលែងចំណាប់ខ្មាំង ហើយក្រសួងយុត្ដិធម៌អ៊ីស្រាអែល ក៏បានចេញផ្សាយបញ្ជីឈ្មោះអ្នកទោសជាជនជាតិប៉ាឡេស្ទីន ចំនួន៣០០នាក់ ខណៈក្រុមជីវពលប្រដាប់អាវុធមួយនេះ ក៏បានអះអាង អំពីចំណាប់ខ្មាំងដំបូង ចំនួន៥០នាក់ នឹងត្រូវដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសជាស្ដ្រី និង កុមាររបស់ជនជាតិប៉ាឡេស្ទីន ដែលកំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន ១៥០នាក់។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការដោះលែងចំណាប់ខ្មាំង ក្រោមបទឈប់បាញ់ រវាងអ៊ីស្រាអែល និង កងជីវពលហាម៉ាស់ នឹងមិនទាន់កើតឡើង នៅមុនថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) ឡើយ។ នេះបើតាមទីប្រឹក្សាសន្ដិសុខជាតិអ៊ីស្រាអែល បានបញ្ជាក់ កាលពីរាត្រី ថ្ងៃពុធ (ទី២២ ខែវិច្ឆិកា)។
ដោយឡែក រថយន្ដធំៗ រាប់រយគ្រឿង ដែលដឹកជំនួយមនុស្សធម៌ ឱសថ និង ប្រេងឥន្ធនៈ នឹងចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែល ផ្អាកវាយប្រហារតាមអកាស ទៅលើតំបន់ភាគខាងត្បូង នៃទីក្រុងហ្កាហ្សា។
អ៊ីស្រាអែល និង ក្រុមហាម៉ាស់ កាលពីព្រឹក ថ្ងៃពុធ (ទី២២ ខែវិច្ឆិកា) បានព្រមព្រៀងគ្នា លើបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា សម្រាប់រយៈពេលយ៉ាងតិច៤ថ្ងៃ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យមានការនាំជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា និង ការដោះលែងចំណាប់ខ្មាំង ចំនួន៥០នាក់ ដែលត្រូវបានចាប់បង្ខាំង ដោយក្រុមហាម៉ាស់ ខណៈពួកគេបានបើកការវាយលុក ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន២៤០នាក់។ ប៉ុន្ដែជាថ្នូរមកវិញនោះ អ៊ីស្រាអែល ក៏នឹងត្រូវដោះលែងជនជាតិប៉ាឡេស្ទីន យ៉ាងតិច ១៥០នាក់ ដែលកំពុងតែជាប់ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ផងដែរ។
ប្រភពព័ត៌មាន ពីមន្រ្ដីសន្ដិសុខអេហ្ស៊ីប បានអះអាង ថា ក្រុមអ្នកសម្រុះសម្រួល បានស្វែងរកពេលវេលាចាប់ផ្តើម នៅវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែវិច្ឆិកា)។ បើទោះជាយ៉ាងណា ពេលវេលាចាប់ផ្តើមអនុវត្ដបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។
ដោយឡែក មន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា ការវាយប្រហារសងសឹក ប្រឆាំងនឹងក្រុមហាម៉ាស់ មកលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើង ជាង ១៤ ៥០០០នាក់ ហើយក្នុងនោះមានកុមារ ប្រហែល៤០ភាគរយ៕ រក្សាសិទ្ធដោយ ៖ សារាយSN