Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន អួតអាងពីការសម្លាប់ទាហានរបស់ពូទីន ១ថ្ងៃជាង៨០០នាក់

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ បានអូសបន្លាយ អស់រយៈពេល៦៣៧ថ្ងៃកន្លងមកហើយ ខណៈការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កំពុងតែបន្ដ រកពន្លឺចរចាសន្ដិភាពមិនទាន់ឃើញ ប៉ុន្ដែអ៊ុយក្រែន បានរាយការណ៍ជាថ្មី អំពីទាហានរុស្ស៊ី បានស្លាប់ នៅលើសមរភូមិ ចំនួន៨៥០នាក់ កាលពី២៤ម៉ោងមុននេះ។ នេះបើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាង។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គម ថា រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន បន្ដកើនឡើង ដល់ ៣២០ ៦៧០នាក់ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកទ័ព ចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្ដីរាយការណ៍ បានដដែល បន្ដ ថា ក្រៅពីការសម្លាប់ទាហានរុស្ស៊ីជាង៣សែននាក់នោះ អ៊ុយក្រែន ក៏បានវាយប្រហារកម្ទេចគ្រឿងសព្វាវុធរបស់សត្រូវយ៉ាងច្រើន មានតម្លៃរាប់ពាន់លានដុល្លារ ផងដែរ រួមមាន៖ យន្ដហោះចម្បាំង ចំនួន ៣២៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ៣២៤គ្រឿង, នាវចម្បាំងតូចធំ ចំនួន២០គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, រថក្រោះ ចំនួន ៥ ៤៤៦គ្រឿង, រថពាសដែក ចំនួន ១០ ១៨៨ គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ៧ ៧៦៩គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៨៩៩គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន ៥៨៩គ្រឿង, ដ្រូន ចំនួន ៥ ៧៨៤គ្រឿង, មីស៊ីលគ្រូស ចំនួន ១ ៥៦៤គ្រឿង និង គ្រឿងសឹកមួយចំនួនទៀត។

បើទោះជាយ៉ាងណា ភាគីអ៊ុយក្រែន មិនបានរាយការណ៍ អំពីចំនួនកងទ័ពរបស់ខ្លួន ស្លាប់ និង រងរបួសនោះឡើយ ហើយក៏មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់នោះដែរ។ រីឯសេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាង ពីមន្រ្ដីយោធារបស់ក្រុងកៀវ តែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×