រដ្ឋធានីជេរូសាឡឹម៖ ទីបំផុត អ៊ីស្រាអែល និង ក្រុមជីវពលហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀង ដោះលែងអ្នកទោស ជាជនជាតិប៉ាឡេស្ទីន និង ចំណាប់ខ្មាំង ក្រោមការសម្របសម្រួល ពីអន្ដរជាតិ ក្រោយការវាយប្រយុទ្ធសងសឹកគ្នា អស់រយៈពេលជាង១ខែកន្លងមកនេះ ដោយបានសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា កើនឡើង រហូតដល់ជិត ១៥ ០០០នាក់។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភព ពីលោក ម៉ាជេដ អាល់-អានសារី (Majed al-Ansari) អ្នកនាំពាក្យ ក្រសួងការបរទេសកាតារ បានបញ្ជាក់ ថា នៅក្នុងចំណោមចំណាប់ខ្មាំង ចំនួន២៤នាក់នោះ រួមមាន ជនជាតិអ៊ីស្រាអែល ចំនួន១៣នាក់, ជនជាតិថៃ ចំនួន១០នាក់ និង ជនជាតិហ្វីលីពីន ចំនួនម្នាក់ ត្រូវបានក្រុមហាម៉ាស់ ប្រគល់ជូនទៅកាកបាទក្រហម នៅតំបន់ហ្កហ្សា កាលពីថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា)។ ការដោះលែងចំណាប់ខ្មាំងទាំងនេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និង ហាម៉ាស់។
អ្នកនាំពាក្យ ក្រសួងការបរទេសកាតារ រូបនេះ បានបន្ថែម ថា ស្រ្ដី និង កុមារ សរុប ៣៩នាក់ ដែលបានជាប់ឃុំឃាំង នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ក៏ត្រូវបានដោះលែង ក្រោយពេលមានកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមហាម៉ាស់។
អង្គការក្រៅរដ្ឋាភិបាលរបស់ប៉ាឡេស្ទីន ក៏បានអះអាង កាលពីថ្ងៃសុក្រ (ទី២៤ ខែវិច្ឆិកា) ថា អ៊ីស្រាអែល បានដោះលែងអ្នកទោសជាជនជាតិប៉ាឡេស្ទីន ចំនួន៣៩នាក់ ចេញពីពន្ធនាគាររបស់ខ្លួន។
លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ថា ចំណាប់ខ្មាំងជាជនជាតិថៃ ត្រូវបានចាប់ពង្រត់ដោយកងជីវពលរបស់ប៉ាឡេស្ទីន នៅក្នុងអំឡុងក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានដោះលែង កាលពីថ្ងៃសុក្រ។ ការដោះលែងជនជាតិថៃ ចំនួន១០នាក់ បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលបទឈប់បាញ់ នៅក្នុងសង្គ្រាម រវាងអ៊ីស្រាអែល-ហាម៉ាស់ បានចាប់ផ្ដើមអនុវត្ដ។ ជនជាតិថៃ សរុប ២៥នាក់ នៅក្នុងចំណោម ចំណាប់ខ្មាំង ២៤០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់៕ រក្សាសិទ្ធដោយ ៖ សារាយSN