កោះកុង៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង នៃខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញអគ្គិសនីជាតិដល់គ្រប់ភូមិពលរដ្ឋឱ្យបាន១០០ភាគរយទូទាំងប្រទេសឱ្យបានមុនឆ្នាំ២០៣០ ខណៈដែលនៅសល់តែជាង១ភាគរយតែប៉ុណ្ណោះបណ្តាញអគ្គិសនីជាតិតបានគ្រប់ភូមិពលរដ្ឋទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល”។ “រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន ៣ នោះគឺជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់។ ទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ”។
គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕