រដ្ឋធានីជេរូសាឡឹម៖ នៅថ្ងៃចុងក្រោយ នៃការផ្អាកចរចាជាមួយនឹងក្រុមហាម៉ាស់ នោះ អ៊ីស្រាអែល បានបន្ដដោះលែងអ្នកជាប់ឃុំឃាំង ខណៈក្រុមជីវពលប៉ាឡេស្ទីនមួយនេះ ក៏បានដោះលែងចំណាប់ខ្មាំងជាច្រើននាក់បន្ថែមទៀត ហើយសកម្មភាពទាំងនេះ គឺជាផ្នែកមួយបន្ថែម សម្រាប់ការអនុវត្ដបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលហែកហួរ ដោយសារសង្រ្គាម អស់រយៈពេលជិត២ខែកន្លងមកនេះ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ដោយដកស្រង់ប្រភពពីកាកបាទក្រហម និង អាជ្ញាធរនានា បានបញ្ជាក់ ថា មនុស្សចំនួន១៦នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង នៅតំបន់ហ្កាហ្សា ត្រូវបានប្រគល់ទៅឲ្យអ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា)។ នេះជាការដោះលែងចំណាប់ខ្មាំងលើកទី២ និង ក៏ជាថ្ងៃចុងក្រោយ នៃការពង្រីកបទឈប់បាញ់ នៅក្នុងសង្គ្រាមហ្កាហ្សា រវាងអ៊ីស្រាអែល និង ហាម៉ាស់។
នៅក្នុងឈុតឆាកជាថ្មី សម្រាប់រយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះ នៃអំឡុងពេលផ្អាកមនុស្សធម៌ នៅក្នុងជម្លោះនេះ ជនស៊ីវិលជាច្រើននាក់ ត្រូវបានដោះលែង ហើយប្រគល់ទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ (ICRC) និង បានបើករថយន្ត ទៅកាន់ប្រទេសអ៊ីស្រាអែល។
លោក ម៉ាជេដ អាល់-អានសារី (Majed Al-Ansari) អ្នកនាំពាក្យ ក្រសួងការបរទេសកាតារ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង ដែលប្រទេសកាតារ ជាអ្នកសម្របសម្រួលនោះ មានជនជាតិប៉ាឡេស្ទីន ចំនួន៣០នាក់ ត្រូវបានដោះលែង កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) ហើយក្នុងចំណោមជនជាតិប៉ាឡេស្ទីនទាំងនោះ មានស្រ្ដី ចំនួន១៤នាក់ និង កុមារ ចំនួន១៦នាក់។
អ្នកនាំពាក្យ ក្រសួងការបរទេសកាតារ រូបនេះ បានបន្ថែម ថា ជនជាតិរុស្ស៊ី ចំនួន២នាក់ និង ថៃ ចំនួន៤នាក់ ក៏ត្រូវបានដោះលែង ក្រៅពីទម្រង់នៃកិច្ចព្រមព្រៀងនេះ ខណៈជនជាតិអ៊ីស្រាអែល ចំនួន១០នាក់ ក៏ត្រូវបានដោះលែង។ ក្រៅពីនេះ ក៏មានប្រជាជន មានសញ្ជាតិហូល្លង់ដ៍ ចំនួន២នាក់ អាល្លឺម៉ង់ ចំនួន២នាក់ និង អាមេរិកចំនួនម្នាក់ ក៏ត្រូវបានដោះលែង ផងដែរ។
ចំណាប់ខ្មាំងដែលត្រូវបានដោះលែងទាំងនេះ ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ២៤០នាក់ ដែលត្រូវបានក្រុមហាម៉ាស់ ចាប់ពង្រត់ នៅក្នុងអំឡុងពេលពួកគេបានវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ២០០នាក់។ ជាការសងសឹកវិញនោះ អ៊ីស្រាអែល បានវាយប្រហារទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សកើនឡើង រហូតដល់ ជាង ១៥ ០០០នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី