រដ្ឋធានីជេរូសាឡឹម៖ ក្រោយការពង្រីកនូវបទឈប់បាញ់រួចមក ក្រុមហាម៉ាស់ បានយល់ព្រម បន្ដដោះលែងចំណាប់ខ្មាំង បន្ថែមទៀត ខណៈអ៊ីស្រាអែល ក៏បានដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីន ដែលជាប់នៅក្នុងគុករបស់អ៊ីស្រាអែល។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០៣ ថា ក្រុមជីវពលហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ចំនួន១២នាក់បន្ថែមទៀត ហើយអ៊ីស្រាអែល ក៏បានដោះលែងអ្នកទោស ជាជនជាតិប៉ាឡេស្ទីន ចំនួន៣០នាក់ កាលពីថ្ងៃអង្គារ (ទី២៨ ខែវិច្ឆិកា) ។ សកម្មភាពទាំងនេះ បានកើតឡើង នៅថ្ងៃទី៥ នៃបទឈប់បាញ់ រយៈពេល៦ថ្ងៃ រវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និង អ៊ីស្រាអែល នៅក្នុងសង្គ្រាមហ្កាហ្សា។
គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ (ហៅកាត់ ICRC) បានបញ្ជាក់ ថា ចំណាប់ខ្មាំង ចំនួន១២នាក់ ត្រូវបានបញ្ជូន ចេញពីតំបន់ហ្កាហ្សា។ រីឯកងទ័ពអ៊ីស្រាអែល ក៏បានអះអាង ថា ជនជាតិអ៊ីស្រាអែល ចំនួន១០នាក់ និង ជនបរទេសចំនួន២នាក់ គឺស្ថិតនៅជាមួយនឹងកម្លាំងពិសេសរបស់ខ្លួន នៅលើដែនដីរបស់អ៊ីស្រាអែល។
ចំណាប់ខ្មាំងទាំងនេះ ស្ថិតក្នុងចំណោមជនរងគ្រោះចំនួន២៤០នាក់ ត្រូវបានក្រុមហាម៉ាស់ បានចាប់ពង្រត់ ក្រោយពេលពួកគេ បានឆ្មក់វាយប្រហារ ទៅលើទឹកដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ២០០នាក់។
ដោយឡែក អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានអះអាង ថា សង្គ្រាមសងសឹករបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើង ដល់ជាង ១៥ ០០០នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី