រដ្ឋធានីញូវដេលី៖ ក្រុមអ្នកជួយសង្គ្រោះ បានខំប្រឹងយ៉ាងខ្លាំង ទម្រាំជួយសង្គ្រោះក្រុមកម្មករឥណ្ឌា ចំនួន ៤១នាក់ ដែលបានជាប់ នៅក្នុងផ្លូវរូងក្រោមដី នៅភ្នំហិម៉ាឡៃ (Himalayan) អស់រយៈពេល១៧ថ្ងៃ ហើយបាននាំពួកកេចេញមកវិញ ប្រកបដោយមានសុវត្ថិភាពទាំងអស់គ្នា និង ទទួលបានការស្វាគមន៍ ជាមួយនឹងកម្រងផ្កាផងដែរ កាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
ជាមួយនឹងស្នាមញញឹមនោះ កម្មករទាំងអស់ដែលត្រូវបានជួយសង្គ្រោះ ក៏ត្រូវបានស្វាគមន៍ ថាជាវីរបុរស បន្ទាប់ពីពួកគេត្រូវបានដឹកតាមបំពង់ដែក ប្រវែង ៥៧ម៉ែត្រ នៅលើរទេះរុញពិសេស មានបំពាក់ជាមួយនឹងកង់ ជាទីដែលពួកគេត្រូវបានស្វាគមន៍ ដោយមន្ត្រីរដ្ឋាភិបាល នៅមុនពេលបានទៅឱបក្រុមគ្រួសាររបស់ពួកគេ។
ហ្វូងមនុស្ស នៅខាងក្រៅផ្លូវរូងក្រោមដី បានអបអរសាទរ ខណៈព័ត៌មានបានផ្សព្វផ្សាយ ថា ក្រុមអ្នកជួយសង្គ្រោះ បាននាំកម្មករទាំងអស់ ប្រកបដោយសុវត្ថិភាព ចេញពីផ្លូវរូងក្រោមដី ដែលកំពុងសាងសង់ ស្ថិតក្នុងរដ្ឋឧត្ដារ៉ាខាន់ដ៍ (Uttarakhand) ភ្នំហិម៉ាឡៃ (ឬភ្នំហិមពាន្ដ) ជាកន្លែងដែលពួកគេ បានជាប់ ចាប់តាំងពីការបាក់ស្រុតដីមួយផ្នែក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមក។
សាច់ញាតិ នៅខាងក្រៅផ្លូវរូងក្រោមដីនោះ បានអបអរសាទរ ក្រោយការអស់សង្ឃឹម កាលពីមុន ខណៈបានឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេ បានរួចផុតពីគ្រោះថ្នាក់។ រីឯម៉ាស៊ីនខួង បានរងការខូចខាតយ៉ាងច្រើន នៅក្នុងប្រតិបត្តិការជួយសង្គ្រោះកម្មករទាំងនោះ ខណៈរដ្ឋាភិបាលបានអះអាង ថា សកម្មភាពទាំងនេះ បានធ្វើឡើង នៅក្រោមភ្នំហិម៉ាឡៃ។
លោក ណៃយើរ អាម៉ាដ (Naiyer Ahmad) បានប្រាប់ AFP ថា «ប្អូនប្រុសរបស់គាត់ ឈ្មោះ សាបា អាម៉ាដ (Sabah Ahmad) ស្ថិតក្នុងចំណោមកម្មករ ដែលបានជាប់នៅក្នុងផ្លូវរូងក្រោមដី ហើយដែលបានបោះជំរំ នៅក្នុងកន្លែងមានអាកាសធាតុដ៏ត្រជាក់ខ្លាំង អស់រយៈពេល ជាងពីរសប្តាហ៍។ យើងសូមអរគុណចំពោះព្រះ និង អ្នកជួយសង្គ្រោះ ដែលបានខិតខំជួយសង្គ្រោះដល់ពួកគេ»។
អ្នកស្រី មូសារ៉ាត ចាហាន (Musarrat Jahan) ភរិយារបស់កម្មករ សាបា អាម៉ាដ (Sabah Ahmad) បានប្រាប់ AFP តាមទូរស័ព្ទ ពីរដ្ឋប៊ីហារ (Bihar) ជាកន្លែងដែលអ្នកស្រី កំពុងតែរង់ចាំព័ត៌មានទាំងក្ដីអស់សង្ឃឹម ថា «យើងពិតជារីករាយខ្លាំងណាស់ គ្មានពាក្យណា អាចពន្យល់ ឬ រៀបរាប់បាននោះឡើយ។ មិនត្រឹមតែប្ដីខ្ញុំទេ ដែលបានទទួលជីវិតថ្មី យើងក៏ទទួលបានជីវិតថ្មីផងដែរ ហើយយើងនឹងមិនភ្លេចគុណនោះឡើយ»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី