Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នៅតែមាន​ជនបរទេស​ប៉ុនប៉ង និង​ព្យាយាម​ជ្រៀតជ្រែក ចូល​កិច្ចការ​បោះឆ្នោត​

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ឆ្លើយតប​ទៅនឹង​ចម្ងល់ របស់​បាន​ប្រាប់​អ្នកសង្កេតការណ៍​មកពី​តំបន់​អឺរ៉ុប​ថា មកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុជា​នៅតែមាន​ជនបរទេស​ប៉ុនប៉ង និង​ព្យាយាម​ជ្រៀត​ជ្រែកចូល​កិច្ចការ​បោះឆ្នោត​របស់​ក​ម្ពុ​ជា​។​

​លោក ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់ថា ព្រោះតែ​មានការ​ប៉ុនប៉ង​បែបនេះហើយ ជាហេតុ​នាំ​ឲ្យ​មានការ​កំណត់​ក្នុង​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ស្តីពី ការផ្តន្ទាទោស​ជនបរទេស​ទាំងឡាយ ដែល​បាន​ជ្រៀតជ្រែក ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។​

​អ្នកសង្កេតការណ៍​អន្តរជាតិ​មកពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប ចូលជួប​ស្វែងយល់ ពី​ដំណើរការ​នៃ​ការរៀបចំ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។​

​ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់ថា កម្ពុជា​ទើប​អាច​រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​១៩៩៨ ហើយ​ក៏បាន​រៀបរាប់​ពី​កិច្ចខិតខំ និង​គោលការណ៍​មួយចំនួន​របស់ គ​.​ជ​.​ប ក្នុងការ​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ភាពល្អប្រសើរ ត្រឹមត្រូវ និង​អាច​ទទួលយកបាន​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​គណបក្សនយោបាយ​។ ជាពិសេស​គឺ​ការធានា​ឲ្យ​បាន​ថា សំឡេង​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ធានា​តាមរយៈ​ការបោះឆ្នោត​របស់​ពួកគាត់​។​

​លោក ស៊ិ​ក ប៊ុន​ហុក ក៏បាន​រៀបរាប់​ពី​ភាពជូរចត់​របស់​កម្ពុ​ជា ពី​អតីតកាល រហូតដល់​ខ្ទេចខ្ទាំ ហើយ​ទើបតែ​អាច​រៀបចំ ការបោះឆ្នោត បាន​នៅ​ឆ្នាំ​១៩៩៣ ដោយមាន​ការជួយ ពី​អង្គការសហប្រជាជាតិ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​របស់ គ​.​ជ​.​ប បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ក្នុងជំនួប​នេះ​អ្នកសង្កេតការណ៍​មកពី​តំបន់​អឺរ៉ុប ក៏បាន​ចោទសួរ​ទៅកាន់​លោក ស៊ិ​ក ប៊ុន​ហុក ផងដែរ ពី​ការកំណត់​ទោសទណ្ឌ និង​ផាកពិន័យ​ទៅលើ​ជនបរទេស​ក្នុង​មាត្រា​១៤៩ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ លោក​ប្រធាន ស៊ិ​ក ប៊ុន​ហុក លោក​បាន​ជម្រាបជូន​យ៉ាង​សាមញ្ញ ការដែល​នាំ​ឲ្យ​មានការ​សរសរ​មាត្រា​១៤៩ នៃ​ច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្ត្រ ដោយសារ​យើង​មានបទពិសោធន៍ អាក្រក់​កន្លងមកហើយ គឺ​នៅ​ឆ្នាំ​២០១៣ ដោយមាន​ជនបរទេស​មួយចំនួន​ចូលរួម​ជ្រៀតជ្រែក នៅក្នុង​ការបោះឆ្នោត ដែល​វា​រំខាន​ដល់​ការបោះឆ្នោត​។ នៅក្នុង​ន័យ​នេះហើយ​ជា​បទពិសោធន៍​នៅ​ឆ្នាំ​២០១៣ យើង​យកមក​អនុវត្តន៍​នៅ​ឆ្នាំ​២០១៨ ហើយ​លោក​ប្រធាន ស៊ិ​ក ប៊ុន​ហុក លោក​មានប្រសាសន៍​ទៀតថា ជនបរទេស​ដែលមាន​បំណង​ចង់​ធ្វើជា​ឧបសគ្គ ដល់​ការបោះឆ្នោត​មិនទាន់​អស់​នៅឡើយ​ទេ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បន្តថា “​អ៊ីចឹង​ច្បាប់​ហ្នឹង សំខាន់​ណាស់​សម្រាប់​ពិន័យ​ទៅដល់​ជនបរទេស​ទាំងឡាយណា​ពី ៥​លាន​រៀល ទៅដល់ ១០​លាន​រៀល ចំពោះ​ជនបរទេស​ទាំងឡាយណា ដែលមាន​បំណង​រារាំង ធ្វើជា​ឧបសគ្គ នៃ​ការបោះឆ្នោត​”​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ “​មាន​គណៈប្រតិភូ​មួយ គាត់​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​សហគមន៍​អឺរ៉ុប គាត់​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់ គ​.​ជ​.​ប គាត់​ថា ខ្ញុំ​មើល​ឯកសារ​របស់​អ្នកឯង អ្នកឯង​ធ្វើ​បានល្អ​ម្ល៉េះ ហេតុ​អី​បាន​គាត់​និយាយ​ហ្ចឹ​ង ដោយសារតែ​ខាង​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ បានរៀបចំ​ជា​កញ្ចប់​ឯកសារ​មួយ​ជូន​គាត់ ហើយ​នៅក្នុង​កញ្ចប់​ឯកសារ​នោះ​យើង​បានដាក់​អ្វីខ្លះ យើង​បានដាក់​ច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សំណួរ​-​ចម្លើយ យើង​បាន​ផ្សព្វផ្សាយ​ពី​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់ គ​.​ជ​.​ប និង​ការងារ​ភាពជា​អ្នក​បម្រើសេវា​ទៅដល់​ម្ចាស់ឆ្នោត​”​។ “​ក្នុងការ​បោះឆ្នោត ឯកឧត្តម​ប្រធាន ស៊ិ​ក ប៊ុន​ហុក បានបញ្ជាក់​ហើយ​ថា តួអង្គ​សំខាន់​ពីរ​ក្នុង​រឿង​បោះឆ្នោត​ដែល​ត្រូវ​ដើរ​ទន្ទឹមគ្នា គឺ គ​.​ជ​.​ប និង​អ្នកបោះឆ្នោត​។ ក្នុងន័យនេះ យើង​បានរៀបចំ​ឯកសារ​ជា Folder ជូន​គាត់ ពេល​គាត់​មកដល់ គាត់​បាន​អាន​ឯកសារ​ទាំងអស់គ្នា​នោះ គាត់​ថា អ្នកឯង​មានបទពិសោធន៍​ពី ២៥-៣០​ឆ្នាំ​ទៅហើយ ហ្ចឹ​ង​មានបទពិសោធន៍​ពេញទី ចុះ​ម៉េច​អ្នកឯង​មិន​ព្រម​និយាយប្រាប់​គេ​ទៅ​ថា យើង​ធ្វើ​ការងារ​នេះ​បានល្អ​ណាស់ អត់​មាន​អ្វីមួយ​ដែលមាន​លក្ខណៈ​មិន​ប្រក្រតី​ទេ​”​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បន្តថា គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប បាន​កោតសរសើរ និង​វាយតម្លៃ ចំពោះ​ការអនុវត្ត​ការងារ រៀបចំ​ការបោះឆ្នោត និង​ការ​ចងក្រង​ឯកសារ​នានា របស់ គ​.​ជ​.​ប​។ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប បាន​លើកទឹកចិត្ត​ដល់ គ​.​ជ​.​ប ឱ្យ​ផ្សព្វផ្សាយ​បង្ហាញ​លទ្ធផល​ទាំងអស់នោះ ប្រាប់​ទៅកាន់​អន្តរជាតិ​ឱ្យ​យល់ច្បាស់​៕ ​ដោយ​៖​កូ​ឡាប​

×