Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចព្រះសង្ឃនាយក ពុំបានទទួលស្គាល់ភេទជាសង្ឃជាលើកទី២ របស់បុគ្គល ពឿយ មេត្តា បន្ទាប់ពីចេញពីពន្ធនាគារ គឺក្លែងភេទជាសង្ឃ គ្មានឧបជ្ឈាយ៍បំបួសត្រឹមត្រូវ តាមវិន័យសង្ឃនោះទេ

spot_img

ភ្នំពេញ ៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា ចំពោះការបួសឡើងវិញរបស់បុគ្គល ពឿយ មេត្តា បន្ទាប់ពីចេញពីពន្ធនាគារ គណៈសង្ឃនាយក ពុំបានទទួលស្គាល់ភេទជាសង្ឃជាលើកទី២ របស់បុគ្គលនេះឡើយ ដោយមូលហេតុ បុគ្គលនេះ យកស្បង់ចីពរពាក់ ដោយខ្លួងឯងពោល គឺក្លែងភេទជាសង្ឃគ្មានឧបជ្ឈាយ៍បំបួសត្រឹមត្រូវ តាមវិន័យសង្ឃនោះទេ។

សម្តេចព្រះពោធិវ័ង្ស អំ លីមហង បានចេញសង្ឃលិខិតសូមចម្រើនពរចូនឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ស្តីពីករណីបុគ្គល ពឿយ មេត្តា ឡាយ (Live) តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដើម្បីទាមទារភាពយុត្តិធម៌ និងភាពស្អាតស្អំ របស់ខ្លួនក្រោយពេលដែលតុលាការវិនិច្ឆ័យសម្រេចទោសតាមនីតិវិធីច្បាប់ និងវិន័យឱ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ កន្លងមក។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមចម្រើនពរ ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា៖
១.ករណីបុគ្គល ពឿយ មេត្តា បានលើកឡើងថា គណៈសង្ឃនាយក គណៈមហានិកាយ ចង់បានវត្តខ្មែរនៅប្រទេសជប៉ុនក្តី និងនៅប្រទេសឥណ្ឌាក្តី ដែលព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងនិង ក្រៅប្រទេសបានរួបរួមគ្នាកសាងនោះ ការចោទប្រកាន់របស់បុគ្គល កឿយ មេត្តា ខាងលើនេះគឺខុសពី ការពិតទាំងស្រុង មិនត្រឹមត្រូវតាមហេតុផលនោះឡើយ។ តាមការពិត គណៈសង្ឃនាយក តែងតែជួយ សម្របសម្រួលជានិច្ចទាក់ទងនឹងអធិករណ៍វត្តខ្មែរនៅប្រទេសជប៉ុន ពុំដែលមានបំណងអាក្រក់ណាមួយក្នុងការចាត់ចែងវត្តនោះទេ។
២.គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកមានចំណាត់ការតាមវិន័យសង្ឃ រីឯតុលាការ ជាអ្នកវិនិច្ឆ័យ និងជម្រះទោសទណ្ឌតាមច្បាប់រដ្ឋចំពោះបុគ្គល ពឿយ មេត្តា ជាងនេះទៅទៀត គណៈសង្ឃនាយក មានបុព្វសិទ្ធិ និងឆន្ទានុសិទ្ធិពេញលេញក្នុងការសហការជាមួយស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីច្បាប់រដ្ឋ និងវិន័យព្រះពុទ្ធសាសនា។
៣.ទាក់ទងទៅនឹងបទល្មើសព្រហ្មទណ្ឌ ដែលតុលាការបានជំនុំជម្រះ និងសម្រេចទោសឱ្យបុគ្គល ពឿយ មេត្តា ជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ គឺជាសិទ្ធិសម្រេចរបស់ស្ថាប័នតុលាការ ពុំមែនជាសមត្ថកិច្ចរបស់ គណៈសង្ឃនាយក គណៈមហានិកាយ ឡើយ។ ក្នុងករណី បុគ្គល ពឿយ មេត្តា ចង់ បានភាពយុត្តិធម៌សម្រាប់ខ្លួនផ្ទាល់ គួរគប្បីតវ៉ាទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។ ចំណែកឯភាព ស្អាតស្អំបរិសុទ្ធិមិនបរិសុទ្ធិនោះ គឺស្ថិតនៅលើខ្លួនឯងសុទ្ធសាធ គ្មានបុគ្គលណាម្នាក់អាចធ្វើឱ្យស្អាតស្អំ បរិសុទ្ធិបានឡើយ សមដូចពុទ្ធភាសិតថា ” សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយ ” ។

៤.ចំពោះការបួសឡើងវិញរបស់បុគ្គល ពឿយ មេត្តា បន្ទាប់ពីចេញពីពន្ធនាគារ គណៈសង្ឃនាយក ពុំបានទទួលស្គាល់ភេទជាសង្ឃជាលើកទី២ របស់បុគ្គលនេះឡើយ ដោយមូលហេតុ បុគ្គលនេះ យកស្បង់ចីពរពាក់ ដោយខ្លួងឯងពោលគឺក្លែងភេទជាសង្ឃគ្មានឧបជ្ឈាយ៍បំបួសត្រឹមត្រូវ តាមវិន័យសង្ឃនោះទេ។ ការធ្វើបែបនេះ ជាការធ្វើបែបអត្តនោម័ត ប្រាសចាកធម៌វិន័យគ្មានហិរិ និងឱត្តប្បៈ ដើម្បីបង្កអធិករណ៍រឿងរ៉ាវ និងប្រព្រឹត្តអំពើទុច្ចរិតតទៅទៀត។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺថា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន និងជូនសេចក្តីបំភ្លឺ ករណីដែល បុគ្គល ពឿយ មេត្តា បានឡាយ (Live) តាមបណ្តាញសង្គម ហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្តីពីការទាមទារភាពយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្លួនក្រោយពេលដែលតុលាការ វិនិច្ឆ័យសម្រេចទោសតាមនីតិវិធីច្បាប់ និងវិន័យឱ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ កន្លងមក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×