ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ ជំនួបនោះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាយ៉ាងផុសផុលលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឆ្លើយតបទៅនឹងសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។ វិស័យជាអាទិភាពដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖ (១) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាមួយនឹងការបង្កើនការនាំចេញ-នាំចូលកសិផល និងការចែករំលែកបច្ចេកទេសដាំដុះ, (២)ឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការទាក់ទាញវិនិយោគិនប្រេស៊ីលដែលមានបទពិសោធន៍ខ្ពស់ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ, និង (៣) ឧស្សាហកម្មគ្រឿងអគ្គិសនី និងអេឡិចត្រូនិក តាមរយៈការស្វែងរកឱកាសកសាងខ្សែច្រវាក់ផលិតកម្មរវាងតំបន់ទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានជជែកអំពីការរៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសប្រេស៊ីលផងដែរ។ បេសកកម្មនេះ រំពឹងថានឹងក្លាយជាវេទិកាគោះទ្វារវិនិយោគមួយដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមច្បាប់ស្តីពីវិនិយោគថ្មី, ការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ, និង ការបង្ហាញពីតួនាទីរបស់កម្ពុជា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទីផ្សារអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលជាសញ្ញាវិជ្ជមានថ្មីមួយទៀតក្នុងការបោះជំហានទៅមុខរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា-ប្រេស៊ីល ឱ្យកាន់តែរឹងមាំមួយកម្រិតទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី






