Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតសហរដ្ឋអាមេរិក ជំរុញឲ្យបង្កើតតំបន់សុវត្ថិភាព នៅមុនពេលអ៊ីស្រាអែលបន្ដប្រយុទ្ធ

រដ្ឋធានីជេរូសាឡឹម៖ នៅក្នុងដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងតែលអាវីវ នោះ ប្រមុខការទូតសហរដ្ឋអាមេរិក លោក អេតូនី ប្ល៊ីនខេន (Antony Blinken) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជំរុញឲ្យអ៊ីស្រាអែល បង្កើតតំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា  នៅមុនពេលបន្ដប្រតិបត្ដិការយោធា នៅលើដែនដីគ្រប់គ្រង ដោយក្រុមហាម៉ាស់។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅថ្ងៃទី៧ នៃការផ្អាកបាញ់គ្នា រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ប៉ាឡេស្ទីន នោះ លោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យការពង្រីកបទឈប់បាញ់បន្ដទៀត ដោយរាប់បញ្ចូលទាំងការដោះលែងចំណាប់ខ្មាំង និង អ្នកទោស ព្រមទាំងការផ្ដល់ជំនួយទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ដែលបិទជិតផងដែរ។

លោករដ្ឋមន្រ្ដីការបរទេស អេនតូនី ប្ល៊ីនខេន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីក្រុងតែលអាវីវ (Tel Aviv) នៅចុងបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអ៊ីស្រាអែល និង តំបន់គ្រប់គ្រងវេស្ដបែង (West Bank) ថា «វាច្បាស់ហើយណាស់ យើងចង់ឃើញបទឈប់បាញ់នឹងបន្ដដំណើរការទៅមុខបន្ថែមទៀត។ យើងចង់បានថ្ងៃទី៨ និង ថ្ងៃបន្ដពីនេះ»។

ការផ្អាកឈប់បាញ់គ្នា ដើម្បីបន្តត្រូវបានសម្រេចនោះ បានអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និង ចំណាប់ខ្មាំងបរទេសជាច្រើននាក់ ដែលក្រុមហាម៉ាស់ បានចាប់ នៅក្នុងការឆ្មក់វាយប្រហារដ៏សាហាវរបស់ពួកគេ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

ប្រមុខការទូតសហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចជាលើកទី៣ ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីក្រុមហាម៉ាស់ បានបើកការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ២០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន ២៤០នាក់។

ជាការឆ្លើយតបនឹងការវាយប្រហារនេះ អ៊ីស្រាអែល បានប្ដេជ្ញាវាយប្រហារកម្ទេចក្រុមហាម៉ាស់ ហើយបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាស និង វាយលុកដោយថ្មើរជើង ទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្ស នៅក្នុងតំបន់នោះ កើនឡើងឡើង ជាង ១៥ ០០០នាក់។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះ ភាគច្រើនបំផុត ជាកុមារ និង ជនស៊ីវិល៕ រក្សាសិទ្ធដោយ ៖ សារាយSN

×