រដ្ឋធានីជេរូសាឡឹម៖ ស្របពេលបទឈប់បាញ់ រវាងអ៊ីស្រាអែលនិង ហាម៉ាស់ បានផុតកំណត់នោះ ក្រុមហេសបូលឡាហ៍ គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ បានចាប់ផ្ដើមវាយប្រយុទ្ធគ្នា ជាមួយនឹងទាហានរបស់អ៊ីស្រាអែល។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែល បានស្លាប់មនុស្ស ចំនួន៣នាក់ នៅតំបន់ភាគខាងជើងរបស់ប្រទេសលីបង់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋលីបង់ បានរាយការណ៍ ក្រោយពេលការបញ្ចប់បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និង កងជីវពលហាម៉ាស់ប៉ាឡេស្ទីន។ សកម្មភាពទាំងនេះ បានឲ្យមានជម្លោះ នៅតាមព្រំដែន រវាងប្រទេសលីបង់ និង អ៊ីស្រាអែល។
ក្រុមហេសបូលឡាហ៍ (Hezbollah) ជាជនជាតិលីបង់ គាំទ្រដោយអ៊ីរ៉ង់ និង ជាសម្ពន្ធមិត្តរបស់ហាម៉ាស់ បានបញ្ជាក់ ថា សមាជិកក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ចំនួន១នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ក្រោយការវាយប្រហារពីអ៊ីស្រាអែល។ រីឯក្រុមរបស់ខ្លួន ក៏បានវាយប្រហារទៅលើទីតាំងជាច្រើនរបស់អ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីជួយគាំទ្រដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន នៅហ្កាហ្សា។
ដោយឡែក កងទ័ពអ៊ីស្រាអែល បានអះអាង ថា កងកាំភ្លើងធំរបស់ខ្លួន បានវាយប្រហារទៅលើប្រភពបាញ់ផ្លោង ចេញពីប្រទេសលីបង់ ខណៈប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល បានស្ទាក់ចាប់នូវការបាញ់ផ្លោង ចំនួនពីរគ្រាប់ ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN