ខេត្តកំពង់ចាម : ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមទាំងមូលពិតជាមានទឹកមុខស្រស់ញញឹមដោយឃើញក្រុមកីឡាករបាល់ទាត់ និងក្រុមកីឡាប្រណាំងទូក.ងបានដណ្ដើមយកជ័យលាភីលេខ១ និងមានឈ្មោះបោះសំឡេង, ជាក់ស្ដែង នារសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីដង្ហែក្បួនអបអរសាទរ ពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ នៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ និងជ័យលាភីចំណាត់ថ្នាក់លេខ១ នៃការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ។

ពិធីដង្ហែក្បួនអបអរសាទរ ដែលក្រុមកីឡាករក្នុងខេត្តកំពង់ចាមដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតប្រណាំងទូក.ង និងបាល់ទាត់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហោ ប៉េង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីអង្គភាពនានាជុំវិញខេត្តពិសេស គឺក្រុមកីឡាករទាំងពីរប្រភេទដោយធ្វើឡើងនៅមុខបរិវេណសាលាខេត្តកំពង់ចាមតែម្ដង។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចាត់ទុកថា គឺជាប្រវត្តិសាស្ត្រ និង មោទនភាពរបស់ខេត្តកំពង់ចាម ក្នុងការទទួលបាននូវពានរង្វាន់ជ័យលាភីលេខ ១ ទាំងការប្រកួតកីឡាទូក.ង និងកីឡាបាល់ទាត់ និងធ្វើឱ្យខេត្តកំពង់ចាម កាន់តែមានភាពល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានដឹកនាំក្រុមកីឡាករបាល់ទាត់ ១ក្រុម ចូលរួមប្រគួតវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ និងទទួលបានចំណាត់ថ្នាក់លេខ១ ដោយយកឈ្នះ ក្រុមកីឡាករមកពីខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ២ ទល់នឹង ០ ។ ដូចគ្នានោះដែរ កាលពីថ្ងៃទី ២៦ ២៧ ២៨ ខែវិច្ឆិកា កន្លងទៅថ្មីៗក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅឯរាជធានីភ្នំពេញ ខេត្តកំពង់ចាម បានដឹកនាំទូក ចំនួន ៣៨ទូក ក្នុងនោះ រួមមានទូក.ង ចំនួន ២៣ទូក ទូកចែវបុរស ចំនួន ២ទូក និងទូកខ្នាតអន្តរជាតិ ១៤ទូក ។ ជាលទ្ធផល នៃការប្រកួត រយៈពេល ៣ថ្ងៃ គឺ ទូក.ង ឈ្មោះ «មហាទន្សាយសែនជ័យ» ទទួលបាន ជ័យលាភីលេខ១ ក្រោមការឧបត្ថម្ភ ពី ឯកឧត្តម បណ្តិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ហើយជាទូក មកពីវត្តគជវនារាម ហៅវត្តរាយប៉ាយ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ជាប់ដងទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាម។
បើតាមព្រះចៅអធិការវត្តរាយប៉ាយមានថេរដីកាឲ្យដឹងនាល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ថា ទូកងនៅវត្តរបស់ព្រះអង្គគឺមានឈ្មោះបោះសំឡេងធ្លាប់ទទួលបានជោគជ័យជាច្រើនលើច្រើនសារមកហើយនាពេលកន្លងទៅ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី







