Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវីរបស់លោក អនាគត ដេនីសហ្ពីហ្គីល AHNAKOT DENIS GIGIL ចេញសេចក្តីបំភ្លឺជាសាធារណៈ ដោយធ្វើការបដិសេធទាំងស្រុងចំពោះការ ផ្សព្វផ្សាយទាំងអស់នាពេលកន្លងមក 

spot_img

ភ្នំពេញ ៖ បើយោងតាមសេចក្តីបំភ្លឺសាធារណរបស់មេធាវី ឃុន ខេនខេម៉ា តំណាងដោយអាណត្តិរបស់ លោក អនាគត ដេនីសហ្ពីហ្គីល (AHNAKOT DENIS GIGIL) ដែលមានសញ្ញាតិប៉ាពួញូហ្គីណេ និងមានឈ្មោះដើម DENIS COKOVIC ដែលជាពាណិជ្ជករអន្តរជាតិ និងជា អគ្គនាយកក្រុមហ៊ុន ប៊ីលនើបើហ្គ អ៊ិនវេសម៉ិន ឯ.ក (BILDERBERG INVESTMENT CO., LTD) បានចេញសេចក្តីបំភ្លឺអំពីសុចរិតភាពរបស់ លោក អនាគត ដេនីសហ្ពីហ្គីល បន្ទាប់ពីសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនចោទប្រកាន់ថា អ្នកជំនួញបោកប្រាស់ ជាឧក្រិដ្ឋជន។

មេធាវី ឃុន ខេនខេម៉ា បានលើកឡើងថា ពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយព័ត៌មាន ដែលខ្វះមូលដ្ឋានគតិយុត្តិ ក្នុងអត្ថន័យចោទប្រកាន់ខុសពីការពិតនៅលើសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ នាពេលកន្លងទៅ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្ដីខ្លួននៅកម្ពុជា ដែលខ្លួនចាំបាច់ត្រូវបំភ្លឺដូចតទៅ៖

«កន្លងទៅនេះ មានសារព័ត៌មាន និងតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន បានធ្វើការចែករំលែកនូវព័ត៌មាន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ដោយមានអត្ថន័យចោទប្រកាន់មកលើកូនក្ដីរបស់នាងខ្ញុំថាជា អ្នកជំនួញបោកប្រាស់ ជាឧក្រិដ្ឋជន ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌចេញសែកអត់លុយ ដែលពិតជា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ ជាពិសេសបានបង្កនូវភាពរាំងស្ទះ និងផលរំខានជាបន្តបន្ទាប់ដល់ដំណើរការគម្រោងវិនិយោគទាំងអស់របស់កូនក្ដីនាងខ្ញុំ រួមទាំងគម្រោងវិនិយោគ សំខាន់ៗមួយចំនួននៅកម្ពុជាផងដែរ។ កូនក្ដីនាងខ្ញុំពិតជាមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយបំផ្លើស បំភ្លៃ ក្នុងន័យចោទប្រកាន់ខ្វះមូលដ្ឋានច្បាប់បែបនេះ ហើយកូនក្ដីនាងខ្ញុំ សូមធ្វើការបដិសេធទាំងស្រុងចំពោះការ ផ្សព្វផ្សាយទាំងអស់នាពេលកន្លងមក។

បើទោះបីជាកូនក្ដីនាងខ្ញុំ មានដើមទុនវិនិយោគគ្រប់គ្រាន់ និងសមត្ថភាពរៀបចំគម្រោងបណ្តាក់ទុនវិនិយោគ នៅបណ្តាប្រទេសអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី ប៉ាពួញូហ្គីណេ និងប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ទឹកដី និងប្រជាជនកម្ពុជា ទើបកូនក្ដីរបស់នាងខ្ញុំនៅតែបន្តខិតខំអត់ធ្មត់ ព្យាយាមដោះស្រាយបញ្ហា ឬវិបត្តិតាមផ្លូវច្បាប់រហូតទទួលបានយុត្តិធម៌ និងភាពស្អាតស្អំស្របតាមច្បាប់ ដូចមានការបញ្ជាក់ក្នុងព្រឹត្តិបត្រថ្កោលទោសលេខ៣ តាមលេខ ៦៣៤៨៧ថទ៣៤០/២៣ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ (Bulletin of Criminal Record No.3, #63487CR340/23 Dated October 31, 2023)។

ក្នុងនាមជាពាណិជ្ជករអន្តរជាតិ ក៏ដូចជាវិនិយោគិនបរទេសមួយរូបនៅកម្ពុជា កូនក្ដីនាងខ្ញុំបានបំពេញនូវរាល់បែបបទ និងលក្ខខណ្ឌត្រឹមត្រូវ ក្នុងការចុះបញ្ជី ក្រុមហ៊ុន ប៊ីលនើបើហ្គ អ៉ីនវេសម៉ិន ឯ.ក (BILDERBERG INVESTMENT CO., LTD) ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ស្របតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ដូចមានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ 1000076921 ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះ កំពុងដំណើរការអាជីវកម្មរបស់ខ្លួន ជាពិសេសការរៀបចំគម្រោងវិនយោគមួយចំនួននៅកម្ពុជា។

ក្រៅពីការងារជាអ្នកវិនិយោគបរទេសនៅកម្ពុជា កូនក្ដីនាងខ្ញុំ លោក អនាគត ដេនីសហ្ពីហ្គីល (AHNAKOT DENIS GIGIL) ដែលមានឈ្មោះដើម DENIS COKOVIC ក៏ត្រូវបានតែងតាំងជាស្នងការពាណិជ្ជកម្មកិត្តិយស នៃប្រទេសប៉ាពួញូហ្គីណេប្រចាំកម្ពុជាផងដែរ ហើយនេះក៏ជាហេតុផលមួយ ដែលបានជំរុញទឹកចិត្តដល់កូនក្ដីនាងខ្ញុំ ត្រូវតែបន្តខិតខំសម្រេចគោលដៅជំនួញរបស់ខ្លួននៅលើទឹកដីកម្ពុជាដ៏មានសក្តានុពល និងបរិយាកាសអំណោយផលល្អក្នុងការវិនិយោគ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់មគ្គទេសក៍ ដឹកនាំប្រទេសដ៏ឆ្នើមនៃប្រទេសនេះ។

កូនក្ដីនាងខ្ញុំ សូមធានាអះអាងដល់សាធារណជនជាតិ-អន្តរជាតិ និងក្រសួងស្ថាប័ននានា នៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជាថា៖ រូបគាត់ផ្ទាល់ អនាគត ដេនីសហ្ពីហ្គីល (AHNAKOT DENIS GIGIL) គឺជាពាណិជ្ជករអន្តរជាតិសុចរិត មិនធ្លាប់មានប្រព្រឹត្តិអំពើខុសច្បាប់ ឬជាឧក្រិដ្ឋជន ដូចមានព័ត៌មានផ្សព្វផ្សាយលើសារព័ត៌មានកន្លងមកនោះទេ ហើយកូនក្ដីនាងខ្ញុំក៏មិនធ្លាប់ទទួលថ្កោលទោសពីស្ថាប័នតុលាការនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

តាមរយៈសេចក្តីបំភ្លឺនេះ រួមជាមួយនឹងភស្តុតាង ដូចដែលកូនក្ដីនាងខ្ញុំបានបង្ហាញ និងមានការបញ្ជាក់ពី ស្ថាប័នមានសមត្ថកិច្ចផងនោះ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ-អន្តរជាតិ នឹងបានទទួលជ្រាប អំពីការពិតដែលប្រាសចាកពីពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយព័ត៌មានខ្វះមូលដ្ឋានគតិយុត្តិ ក្នុងអត្ថន័យចោទប្រកាន់ខុសពីការពិតនៅលើសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗនាពេលកន្លងទៅ ដោយបានធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កូនក្ដីនាងខ្ញុំនៅកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងឈប់មានការភាន់ច្រឡំមកលើ កូនក្ដីរបស់នាងខ្ញុំតទៅទៀត ដើម្បីផ្តល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាមនុស្សជាតិដូចគ្នា ហើយក៏ដើម្បីផ្តល់ទំនុកចិត្ត ក៏ដូចជាការលើកទឹកចិត្ត ដែលនឹងបើកឱកាសឱ្យកូនក្តី របស់នាងខ្ញុំបន្តការងារវិនិយោគរបស់ខ្លួន ស្របតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរួម ចំណែកជាមួយរាជរដ្ឋាភិបាល សំដៅឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×