ភ្នំពេញ៖ រថយន្តម៉ាកtoyotaprius មួយគ្រឿងត្រូវបានឆេះអស់ទាំងស្រុង ចំណែកឯភ្ញៀវជាជនជាតិកូរ៉េ២នាក់ បានរងរបួសស្រាល បន្ទាប់ពីរបុរសម្នាក់ជាអ្នករត់តាក់ស៊ី បើកមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពាន៥មករា។
ហេតុការណ៍ខាងលើនេះដែរ ក៏មានការភ្ជាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី០៤ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចជាប់នឹងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកកកទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើត ហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាអ្នករត់តាក់ស៊ីម្នាក់ បានបើករថយន្តម៉ាកtoyotaprius ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BE-7185 បានដឹកភ្ញៀវជាជនបរទេសពីរនាក់ ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចក៏បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្ន ស្រាប់តែរេចង្កូតរថយន្តទៅខាងឆ្វេងដៃជ្រុលនិងបុករបាំងថ្មគល់ស្ពានអាកាស៥មករា យ៉ាងពេញទំហឹងធ្វើឲ្យរថយន្តបានហុយផ្សែងយ៉ាងខ្លាំងលាយឡំជាមួយអណ្តាតភ្លើង ពេលនោះដែរ ប្រជាពលរដ្ឋជិតខាងបានទាញបំពង់ពន្លត់អគ្គីភ័យ បាញ់ទប់ស្កាត់រួចក៏វាយបំបែកកញ្ចក់ ដើម្បីជួយទៅលើជនប្រទេសពីរនាក់ ដែលជាប់នៅក្នុងរថយន្តចេញមកក្រៅ បានដោយសុវត្ថិភាព និងរងរបួសស្រាលផងដែរ ចំណែកឯបុរសជាអ្នកបើករថយន្តវិញ បានបើកទ្វាររត់គេចខ្លួនពីកន្លែងកើតហេតុ បាត់ស្រមោលក្រោយមកអណ្តាតភ្លើង ក៏បានឆេះយ៉ាងខ្លាំងហើយពលរដ្ឋ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។

ក្រោយពីខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលដំណឹងថា មានករណីឆេះរថយន្តនៅខណ្ឌទួលគោក ក៏បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងករណីអគ្គីភ័យឆេះរថយន្តខាងលើនេះ បណ្ដាលមកពីតៃកុងបើកមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករា ទើបណ្តាលឲ្យឱ្យឆេះ និងរងរបួសបុរសជនបរទេសពីរនាក់ ចំណែកអ្នកបើករត់គេចខ្លួនបាត់ស្រមោល បច្ចុប្បន្នរថយន្តសមត្ថកិច្ចចរាចរណ៍ជំនាញ ខណ្ឌទួលគោក ចុះមកវាស់វែងយកទៅរក្សារទុក៕ រក្សាសិទ្ធដោយ ៖ សា មេត








