ភ្នំពេញ ៖ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ដែលជាអ្នកដឹកនាំដោយផ្ទាល់នូវប្រតិបត្តិការឆែកឆេរសាច់បង្កកឥតច្បាប់ជិត ៤ សែនគីឡូក្រាម បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុកមួយកន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មាច្បាប់ជិត ៤ សែនគីឡូក្រាម ។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រុមការងារបានរកឃើញ សាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របីសរុប ២៤.៤២៤កេះ ស្មើ ៣៧.៧៨៧ គីឡូក្រាម ។

លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វបង្កកខាងលើទាំងអស់នេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយក្រុមការងារ បានស្នើសុំព្រះរាជអាជ្ញា បិទឃ្លាំងបង្កកសាច់សត្វខាងលនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានសាទរ ចំពោះលទ្ធផលដ៏ច្រើនសម្បើមនេះដែរ ហើយលោក ស្រ៊ុន ពៅ បានបន្តថា “ជូសមុខឲ្យកសិករក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅក្នុងប្រទេសកម្ពុជា ក៏ថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងព្រះរាជអាជ្ញា ទាំងអស់នេះ ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងក៏សូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ ដែលតោងតែងយកចិត្តទុកដាក់ សុខទុករបស់ប្រជាពលរដ្ឋដូចជាកសិករ គឺសម្តេចបានអនុញ្ញាតឲ្យត្រួតពិនិត្យរកវត្ថុអ្វីដែលជាវត្ថុទទួលយកបាន និងវត្ថុអ្វីដែលកំទេចចោល”។

សូមរំលឹកថា សាច់បង្កកខុសច្បាប់ បាននិងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់ លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះ គឺជាសាច់ខូចគុណភាព ហួសកាលបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺ ដែលត្រូវគេកំទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើម ផលិតយ៉ាងឆ្ងាយ ។ មិនគួរមើលរំលងទេ ការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ ត្រូវបានក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបបានជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ និងប៉ុន្មានថ្ងៃចុងក្រោយនេះជាដើម ហើយជាការកត់សម្គាល់ រាល់ប្រតិបត្តិការទាំងនោះ លោក ហ៊ុន សារ៉ាត់ មានវត្តមានដោយផ្ទាល់យ៉ាងសកម្ម ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


















