ភ្នំពេញ៖ មន្រ្តីក្រសួងរៀបចំដែនដី បានឲ្យដឹងថា ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៣នេះ ក្រសួង បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានចំនួនជិត ៣ពាន់គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២,៣៣លានម៉ែត្រការ៉ែ និងមានទុនវិនិយោគប្រមាណ ៥,១០ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ ប្រើលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាប្រើមានចំនួន ៧៩គម្រោង សំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើក ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ជាមួយនឹងការអភិវឌ្ឍយ៉ាងសម្បូរបែបលើវិស័យសំណង់នេះ ដើម្បីធានាដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់ សុវត្ថិភាព និងគុណភាពសំណង់ ច្បាប់ស្តីពីសំណង់ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការគ្រប់គ្រងវិស័យសំណង់ និងអ្នកវិជ្ជាជីវៈសំណង់ បន្ថែមលើនេះក៏មានអនុក្រឹត្យ និងប្រកាសថ្មីៗមួយចំនួនត្រូវបាននិងបន្តដាក់ចេញជាបន្តបន្ទាប់ ដើម្បីជំនួស ឬបំពេញបន្ថែមទៅលើវិធានគ្រប់គ្រងវិស័យសំណង់ឲ្យបានល្អ។
គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍នុស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ របស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ ឃើញមានក្រុមហ៊ុនជាច្រើនបានចូលរួមដាក់តាំងបង្ហាញពីផលិតផល សម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់ទំនើបៗ ប្រមាណ ២០០០ប្រភេទ ដែលខ្លះជាផលិតផលក្នុងស្រុក និងខ្លះជាផលិតផលនាំចូលពីបរទេស និងក៏មានការដាក់បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ផ្នែកសេវាកម្ម និងគម្រោងអភិវឌ្ឍអចលនវត្ថុជាច្រើនទៀត៕