នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កាសែត Nation Thailand ចេញផ្សាយឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានកំណត់រយៈពេល ៣០ ថ្ងៃ សម្រាប់ផ្សារទំនើប Makro ដើម្បីធ្វើការពន្យល់របាយការណ៍ដែលចោទប្រកាន់ថា ខ្លួនបានទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុនដែលម្ចាស់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធ។
ឧត្តមសេនីយ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថានរបស់ DSI បាននិយាយថា ការទុកពេល ៣០ ថ្ងៃ នេះត្រូវបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទ (ទី៤ ខែធ្នូ) និងកំពុងដឹកនាំការស៊ើបអង្កេត។
លោកបានបន្តថា នៅពេលនាយកដ្ឋានបានទាក់ទងទៅកាលពីខែមុន ផ្សារទំនើប Makro បានស្នើសុំមិនកំណត់ពេលលើពន្យល់ ដោយនិយាយថា ត្រូវការពេលវេលាដើម្បីរៀបចំឯកសារ។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា Makro ដែលដំណើរការដោយ CP Extra Plc បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធថា ខ្លួនមិនបានទិញសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd នេះទេ។
សូមបញ្ជាក់ថា ប្រធានក្រុមហ៊ុនខាងលើនេះ លោក Wirat អាយុ ៦៩ ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Thanakrit អាយុ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ មួយថ្ងៃមុននេះ។
ឪពុកកូនទាំងពីរត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមរត់ពន្ធ ដែលបានដឹកជញ្ជូនសាច់ជ្រូកបង្កករាប់ពាន់តោន ពីប្រទេសជិតខាង រវាងឆ្នាំ២០២១ និងដើមឆ្នាំនេះ។
Makro បាននិយាយថា ខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកពីក្រុមហ៊ុននេះតាំងពីពាក់កណ្តាលឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីដឹងថាផលិតផលមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាព។
សេចក្តីថ្លែងការណ៍បាននិយាយថា Makro ក៏បានបញ្ឈប់ការទិញថ្លើមជ្រូកពីក្រុមហ៊ុននេះផងដែរ ដោយបន្ថែមថា ការបញ្ជាទិញដែលចោទប្រកាន់ទាំងនេះ គឺជារបស់ចាស់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា ផ្សារទំនើប Makro ក៏បានទទូចថា ខ្លួនមានឆន្ទៈក្នុងការសហការជាមួយអាជ្ញាធរ ក្នុងការស៊ើបអង្កេតប្រតិបត្តិការរត់ពន្ធសាច់ជ្រូកបង្កកនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង