ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម អាចបង្កជាបញ្ហាសន្តិសុខស្បៀង និងទំនិញឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជារួម។
លោកជំទាវ បានមានប្រសាសន៍ថា ជាទូទៅផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្មដោយផ្ទាល់ និងវិស័យដទៃទៀតដោយប្រយោល ខណៈម្ហូបអាហារតំណាងឱ្យជាង ៤៣% នៃកន្ត្រកទំនិញ និងសេវា ដែលក្រុមគ្រួសារ នៅកម្ពុជាប្រើប្រាស់ជាប្រចាំ។
លោកជំទាវ លើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និសីទម៉ាត្រូរសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ស្តីពីហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ។
លោកជំទាវ ជា សិរី បានឲ្យដឹងថា គ្រោះមហន្តរាយបានកើតចេញឡើងជាបន្តបន្ទាប់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ដែលកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ព្រមទាំងបានបង្កជាវិបត្តិសុខភាព ស្បៀងអាហារ ការបាត់បង់អាយុជីវិត និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបង្កហានិភ័យជារូបវ័ន្តប៉ុណ្ណោះទេ ថែមទាំងទៅលើសេដ្ឋកិច្ច និងសង្គមទាំងមូល ដោយគ្មានព្រំដែនតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពហិរញ្ញវត្ថុសេដ្ឋកិច្ចនិងសង្គមទាំងមូល។
លោកជំទាវ បានបន្តថា បញ្ហានេះក៏អាចនឹងរួមចំណែកបង្កើនវិសមភាពសង្គម និងធ្វើឱ្យក្រុមគ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រផងដែរ។ គ្រោះទឹកជំនន់នៅខែកញ្ញាឆ្នាំ ២០២២ បានប៉ះពាល់ខេត្តចំនួន ១៤ និងប្រជាពលរដ្ឋប្រមាណ ៤ម៉ឺន ៥ពាន់គ្រួសារ។
បើយោងតាមរបាយការណ៍ទើបចេញផ្សាយកាលពីចុងខែតុលារបស់ធនាគារពិភពលោក បានឲ្យដឹងថា កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដោយភាពរាំងស្ងួត និងទឹកជំនន់បានកើតមានញឹកញាប់ និងខ្លាំងជាងមុន ដែលក្នុងនោះផលស្រូវបានបាត់បង់ប្រមាណ ១០០លានដុល្លារអាមេរិក ដោយសារគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino កាលពីឆ្នាំ២០១៩ ខណៈដែលប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ៕