ភ្នំពេញ ៖ ក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៥ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអីអនភ្នំពេញ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការតាំង ពិព័រណ៍នេះ ពិតជាបានបង្ហាញនូវការបន្តគាំទ្រឥតឈប់ឈររបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាម រយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដែលបានចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
ព្រឹត្តិការណ៍នេះពិតជាមានន័យដ៏ត្រចេះត្រចង់ ដែលត្រូវបានរៀបចំឡើងស្របពេលគ្នា នៃខួប លើកទី៧០ នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន។ ព្រឹត្តិការណ៍នេះក៏បានផ្ដល់ជាសារវជ្ជមានដល់ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាពលរដ្ឋកម្ពុជា លើការខិតខំស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា បន្ទាប់ពីរងផលប៉ះពលដោយសារវិបត្តិកូវីដ-១៩ រយៈពេល៣ឆ្នាំកន្លងមកនេះ។

ជាថ្មីម្ដងទៀត ឯកឧត្តម គុជ បញ្ញាសា បានថ្លែងកោតសរសើរ ដល់រដ្ឋាភិបាលជប៉ុន និងធុរកិច្ចជប៉ុនដែលតែងតែគាំទ្រ និងបង្កើនការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាក់ស្តែងផ្សារទំនើបអីអន១ អីអន២ និងអីអន៣ ដែលជាផលិតផលទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។ រដ្ឋាភិបាលជប៉ុន តែងតែផ្តល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅ មកលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលអាស៊ាន ជប៉ុន (AJC) ដែលបានជួយដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស និង ផ្សព្វផ្សាយទេសចរកម្ពុជាទៅកាន់ទីផ្សារជប៉ុន។
យើងទាំងអស់គ្នាបានជ្រាបស្រាប់ច្បាស់ហើយថា ទេសចរណ៍ គឺជាវិស័យអាទិភាព និងជាចន្ទល់ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និង សង្គម ពិសេស វិស័យនេះបានជួយលើកកម្ពស់សេដ្ឋកិច្ចនៅតាមមូលដ្ឋាន និង បានចូលរួមការការពារបរិស្ថាន និងសម្បត្តិវប្បធម៌ជាតិ ។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៩ មុនការ មកដល់នៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៦លាននាក់ ក្នុងអត្រាកំណើន ទេសចរណ៍ ៦,៦% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ២១ម៉ឺននាក់ (កើនឡើង ៣.៥%) បាន បង្កើតការងារផ្ទាល់ប្រមាណជាង ៦៣ម៉ឺននាក់ ចូលរួមក្នុងផលិតផលជាតិសរុបជាង ១២%។
យ៉ាងណាមិញ ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ប្រទេសនានាលើសកលលោក រួមទាំងកម្ពុជាផងដែរ បានទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាពិសេស ខ្សែសង្វាក់ ផ្គត់ផ្គង់ទេសចរណ៍ ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង។ អាជីវកម្មទេសចរណ៍ជាច្រើន ត្រូវបានផ្អាកដំណើរការ ស្របពេលដែលបុគ្គលិកក្នុងវិស័យទេសចរណ៍រាប់ម៉ឺននាក់នៅទូទាំងពិភពលោក បានបាត់បង់ ការងារ ជំនាញ និងទេពកោសរបស់ខ្លួន ហើយប្រទេសនីមួយៗ ក៏ទទួលរងនូវផលអវិជ្ជមានជាច្រើន ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ។
សម្រាប់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ភាពឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានយកជ័យជម្នះលើការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ និង សម្រេចបាននូវភាពស៊ាំសហគមន៍ពេញលេញ និងរឹងមាំ ដែលជួយធានា នូវសុវត្ថិភាព និង សុខភាពសាធារណៈសម្រាប់ប្រជាជនកម្ពុជា ។ ជាលទ្ធផលឆ្នាំ២០២២ កម្ពុជាទទួល បានទេសចរអន្តរជាតិចំនួនជិត ២,២៨លាននាក់ កើនឡើង ១០៥៩% ក្នុងនោះ ទេសចរជប៉ុនមានប្រមាណជាង ២៩.៧៣៣ នាក់ កើនឡើង ១៣៧៨,៥%។ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន ៤,៤ លាននាក់ កើនឡើង ១៧៩.៧% ក្នុងនោះទេសចរ ជប៉ុនមកកម្ពុជាមានចំនួន ៦៦ម៉ឺននាក់ កើនឡើង ២៣៥% ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិស័យទេសចរណ៍ជាវិស័យអាទិភាព ក្នុងចំណោមវិស័យអទិភាពផ្សេងៗទៀត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

ថ្មីៗនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ បានប្រារព្ធរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយភាព ជោគជ័យខ្ពស់។ ពិធីនេះមានការចូលរួមគាំទ្រពីសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ដោយមានការ ដាក់តាំងពិព័រណ៌ផលិតផលទេសចរណ៍ក្នុងស្រុកដ៏សម្បូរបែប ការលេងកីឡាកម្សា និងការប្រគុំ តន្ត្រីដ៏សប្បាយរីករាយផងដែរ។ ទន្ទឹមនឹងនោះដែរ ក្នុងពិធីបិទពិធីបុណ្យសមុទ្រ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនសម្រាប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីជាទិសដៅក្នុង ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ននាពេលបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ផងដែរថា ការទទួលបានទេសចរមិត្តជប៉ុន គឺអាស្រ័យដោយមានមូលដ្ឋានកំណត់ ជាយុទ្ធសាស្ត្រ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការអនុវត្តគោលនយោបាយបើកចំហជើងមេឃ និងការសម្រួលការធ្វើដំណើររវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុន ដូចជា ការផ្តល់ទិដ្ឋការ On Arrival, E-Visa, Multiple Visa, ចូលច្រើនដងសម្រាប់រយៈពេល១ឆ្នាំ ២ឆ្នាំ និង ៣ឆ្នាំ (ចាប់អនុវត្តតាំងពី២០១៣)។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៥ ដែលកំពុងប្រារព្ធឡើងនេះ មិនត្រឹមតែជួយផ្សព្វផ្សាយ និង ជម្រុញទេសចរណ៍រវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយយ៉ាងជិតស្និទ្ធរវាងប្រទេសមិត្តយើងទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនង ល្អនឹងគ្នាដ៏យូរលង់មកហើយ ជាអាទិ៍ជប៉ុនជាដៃគូអភិវឌ្ឍ និងពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ជាក់ស្តែង ក្នុងក្របខណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ មិត្តជប៉ុន បានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២,៨ពាន់លានដុល្លា ស្មើនឹងប្រមាណ១៥% នៃ ហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្នុងក្របខណ្ឌពាណិជ្ជកម្ម រយៈពេល២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុនជប៉ុននៅកម្ពុជាបានកើនឡើង ដល់ចំនួន ជាង២,៥ពាន់លានដុល្លា ស្មើនឹង១៣៧គម្រោង ក្នុងនោះភាគីជប៉ុនបានដាក់ទុនវិនិយោគ លើវិស័យទេសចរណ៍ មានចំនួន៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១៨០០លានដុល្ល ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករជប៉ុនរហូតដល់១,៧០០នាក់។ លើសពីនេះពិពរណ៌ទេសចរណ៍ ជប៉ុននៅកម្ពុជានេះ ក៏បានផ្តល់សារដ៏សំខាន់ដល់ប្រទេសដទៃឲ្យឃើញពីចំណងមិត្តភាពដ៏រឹងមាំ និង ការជឿជាក់របស់វិនិយោគិនជប៉ុនមកលើទឹកដីព្រះរាជាណាចក្រអច្ឆរិយៈយើងផងដែរ។
ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អជាអត្តសញ្ញាណក្នុងតំបន់ (Authentic Experiences) និងបន្ត ទាក់ទាញទេសចរអន្តរជាតិ ក៏ដូចជាទេសចរជប៉ុន ដែលចូលចិត្តអច្ឆរិយភាព និងភាពស្អាត ហើយដែល ពិភពលោកកំពុងធ្វើដំណើរឆ្ពោះទៅរកយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ ជាយុទ្ធសាស្ត្រកម្ពុជា កំពុងបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយ គុណភាព និងភាពច្នៃប្រឌិតដល់ភ្ញៀវទេសចរ ព្រមជាមួយនឹងការយកចិត្តទុកដាក់លើឌីជីថលូបនីយកម្ម ក្នុងការ អភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត (Smart Tourism) ដោយឈរលើគោលការណ៍នៃការ អភិវឌ្ឍន៍ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
ទន្ទឹមនឹងនោះ ជាការតម្រង់ទិស នៃការអភិវឌ្ឍទេសចរណ៍នាពេលអនាគត បន្ថែមលើផែនទី ចង្អុលផ្លូវក្រសួងទេសចរណ៍ ក៏កំពុងអនុវត្តយ៉ាងសកម្មនូវវិធានការគោលនយោបាយជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ២០២១–២០៣៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តកែប រួមនឹងការដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្ន ទេសចរណ៍ ដោយឈរលើសសរស្តម្ភយុទ្ឋសាស្ត្រចំនួន៥ ហៅ កាត់ថា «បង្កើន៥ – BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅ កាត់ថា «អភិវឌ្ឍ៣ – 3Ds” ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រម ទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និង តួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសនៅតែបន្តបណ្តុះបណ្តាលជំនាញថ្មី និងជំនាញបន្ថែម (Upskilling and Reskilling) ដល់យុវជន និងអ្នកកំពុងបមើ ការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតាមប្រព័ន្ធអនឡាញផងដែរ ដោយសហការជាមួយសាលាដគូ និងកម្មវីធីអភិវឌ្ឍន៍ជំនាញទេសចរណ៍របស់អង្គការក្រៅរដ្ឋាភិបាលនានា ជាដើម។

បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ជឿជាក់យ៉ាងមុតមាំថា តាមរយៈពិពរ័ណទេសចរណ៍ជប៉ុនលើកទី៥ នាទិវានេះ យើងនឹង អាចផ្សព្វផ្សាយបានកាន់តែទូលាយអំពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ ប្រពៃណី របស់ជប៉ុន ហើយក៏ជាការចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្ត ទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជាសម្រាប់វិស័យទេសចរណ៍ជប៉ុន។
បើតាមសុន្ទរកថារបស់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍ជប៉ុននៅកម្ពុជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧ ក្នុងនាមជា ព្រឹត្តិការណ៍ណែនាំតំបន់ទេសចរណ៍ផ្សេងៗ នៅក្នុងប្រទេសជប៉ុនក្នុងគោលបំណងទាក់ទាញប្រជាជនកម្ពុជាឲ្យធ្វើដំណើរទៅ កាន់ប្រទេសជប៉ុនឲ្យបានកាន់តែច្រើន។ ពិព័រណ៍នេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារជំងឺរាតត្បាត Covid-19 ហើយយើងបានបន្តរៀបចំឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីខកខានរយៈពេលបីឆ្នាំ និងមានមនុស្សជាច្រើនបានចូលរួមផងដែរ។
រដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅក្នុងការបង្កើនចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសជប៉ុនដល់៦០លាននាក់ ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ហើយបាននិងកំពុងផ្តោតលើការធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើកឡើងវិញដោយបញ្ចូល តម្រូវការដំណើរកម្សាន្តនៅក្នុងស្រុកទៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។ ថ្មីៗនេះចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសជប៉ុនពីបណ្តា ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាកំពុងមានការកើនឡើង។ ហើយចាប់តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជាកាលពីខ
មករាឆ្នាំនេះ ខ្ញុំពិតជារីករាយណាស់ដែលដឹងថាមានប្រជាជនកម្ពុជាជាច្រើនដែលបានធ្វើដំណើរទៅប្រទេសជប៉ុនជាច្រើនដង និងស្គាល់ប្រទេសជប៉ុនយ៉ាងច្បាស់ ។

ដូចទៅនឹងប្រទេសកម្ពុជាដែរ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសជប៉ុនបានរងការវាយប្រហារយ៉ាងខ្លាំងដោយជំងឺរាតត្បាត Covid-19 ហើយនៅពេលមួយចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះស្ទើរតែសូន្យ។ ប៉ុន្តែស្ថិតិចុងក្រោយសម្រាប់ តុលាឆ្នាំនេះបង្ហាញថាចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេលមួយខែមានចំនួន២.៥១លាននាក់ ដែលលើសពីចំនួននៃខែដដែលក្នុងឆ្នាំ ២០១៩ មុនពេលមានជំងឺរាតត្បាត។
ឯកឧត្តមបានបញ្ជាក់ឲ្យច្បាស់ប្រាកដថា “ប្រទេសជប៉ុនឥឡូវនេះជាគោលដៅដែលមានសុវត្ថិភាព និងមានសេរីភាពទាំងស្រុងពី Covid-19 ខ្ញុំអាចបន្តនិយាយរាប់ម៉ោង អំពីភាពទាក់ទាញនៃការធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសជប៉ុន។ ខ្ញុំមានទំនុកចិត្តថា ទីក្រុងទំនើប និងទីក្រុងប្រវត្តិសាស្ត្រ ដែលជាវប្បធម៌ដ៏វិសេសវិសាលគឺមានច្រើនសម្បូរបែបដូចប្រទេសកម្ពុជាដែរ។ ធម្មជាតិតាមរដូវកាល ហើយម្ហូបជប៉ុនជាច្រើនមុខនឹងបំពេញតម្រូវការភ្ញៀវទេចរណ៍មកពីកម្ពុជា។ នៅក្នុងពិព័រណ៍ទេសចរណ៍ជប៉ុននេះ បន្ថែមពីលើខិត្តប័ណ្ណដែលមានព័ត៌មានអំពីគោលដៅទេសចរណ៍សំខាន់ៗរបស់ ប្រទេសជប៉ុន យើងក៏បានរៀបចំដើម្បីចែកជូនសៀវភៅមគ្គុទេសក៍ទេសចរណ៍ផ្លូវការរបស់ប្រទេសជប៉ុនជាភាសាខ្មែជាលើកដំបូងផងដែរ។ ខ្ញុំសង្ឃឹមថាអ្នកនឹងអានវា និងស្វែងយល់ពីភាពទាក់ទាញរបស់ប្រទេសជប៉ុន។ លើសពីនេះ យើងក៏បានរៀបចំដើម្បីឲ្យអ្នកចូលរួមទាំងអស់ទទួលបានបទពិសោធន៍ពីវប្បធម៌ជប៉ុននៅទីក្រុងភ្នំពេញនេះផ្ទាល់ដូចជាការសាកល្បងលេងល្បែង ប្រពៃណីដូចជាការបោះកង ការសាកល្បងស្លៀកសម្លៀកបំពាក់យូកាតា(គឺមុណុរដូវក្តៅ)ជាដើម។ ប្រសិនបើអ្នកចាប់អារម្មណ៍នឹងបទពិសោធន៍ណាមួយនៃវប្បធម៌ជប៉ុននៅទីនេះក្នុងទីក្រុងភ្នំពេញ សូមពិចារណាធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន”។
ឯកឧត្តមថ្លែងដោយសង្ឃឹមថា ពិព័រណ៍ទេសចរណ៍ជប៉ុននេះ នឹងក្លាយជាកត្តាជំរុញឱ្យមនុស្សកាន់តែច្រើន ចាប់អារម្មណ៍លើប្រទេសជប៉ុន និង ពិចារណាអំពីដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។
លោកស្រី DOI Kei នាយិកាប្រតិបត្តិនៃអង្គការទេសចរណ៍ជប៉ុនប្រចាំទីក្រុងបាងកក បានថ្លែងថា ពិព័រណ៍ទេសចរណ៍ជប៉ុន ដែលប្រារព្ធទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃនេះ ត្រូវបានប្រារព្ធជាលើកទី៥ហើយទាំងលើកនេះ ដែលអាចរៀបចំប្រារព្ធពិព័រណ៍ទេសចរណ៍បែបនេះជាបន្តបន្ទាប់នៅ ទីក្រុងភ្នំពេញនៃកម្ពុជា ដែលជាប្រទេសមានការសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះៗមានការទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងអំពីកម្ពុជាពីភាគីដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជប៉ុន ហើយលើកនេះរដ្ឋបាលក្នុងតំបន់ដែលមានតំបន់ទេសចរណ៍សំខាន់ៗ ក៏ដូចជាភាគីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជ ប៉ុនក៏បានចូលរួមបង្ហាញក្នុងពិព័រណ៍នេះផងដែរ។ ឆ្នាំនេះ គឺជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ តាមរយៈវិស័យទេសចរណ៍នឹងជួយជំរុញឲ្យមានការយល់ដឹងបន្ថែមទៀតរវាងប្រទេសទាំងពីរ ហើយ នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ ពិព័រណ៍ទេសចរណ៍លើកនេះមិនត្រឹមតែអាចទទួលបានព័ត៌មានអំពីដំណើរកំសាន្តនៅប្រទេសជប៉ុននោះទេ គឺយើងមានរៀបចំកន្លែងលេងកំសាន្តដែលដូចនឹងប្រទេសជប៉ុនជាច្រើនដូចជា បទពិសោធន៍ យីភាតាក់ បទពិសោធន៍តំណាក់ហ្គេ បទពិសោធន៍ អូរិហ្គាមិជាដើមផងដែរ។តាមរយៈការទស្សនាពិព័រណ៍ទេសចរណ៍លើកនេះ លោកស្រីសង្ឃឹមថា បងប្អូនខ្មែរទាំងអស់អាចដឹងពីភាពស្រស់ស្អាតផ្សេងៗរបស់ប្រទេសជប៉ុនបន្ថែមទៀត ដើម្បីអាចឲ្យលោកអ្នកធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

















