Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ដ៏​កំសត់​សុខចិត្ត​ធ្វើដំ​ណើរ 1000 km ទៅ​ស្វែងរក​ឪពុក​ម្តាយ​បង្កើត តែ​ដល់ពេល​បាន​ជួប​មុខ ធ្វើឲ្យ​នាង​ខកចិត្ត និង​គិតថា​ជា​កូនស្រី​ត្រូវ​គេ​បោះចោល ព្រោះតែ…

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ China Press បានរាយការណ៍រឿងរ៉ាវដ៏រំជួលចិត្តមួយ របស់ស្ត្រីម្នាក់ឈ្មោះ Xiao Zhao អាយុ ៣៣ ឆ្នាំ មកពីខេត្ត Shandong ប្រទេសចិន។ នោះក៏ព្រោះតែនាង​គឺជា​ «ក្មេង​កំព្រា» ​ម្នាក់​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​ចិញ្ចឹមចិត្តធម៌ ​យក​មក​ពី​ទី​ជម្រកមួយ​កាល​នាង​នៅ​ក្មេងមកចិញ្ចឹម ហើយនាងមានវាសនាល្អ បានរស់នៅយ៉ាងសុខស្រួល រហូតដល់នាងធំឡើង ឪពុកម្តាយចិញ្ចឹមរបស់នាងមានចិត្តសប្បុរសក្នុងការជួយនាងស្វែងរកឪពុកម្តាយបង្កើតរបស់នាង ប៉ុន្តែនាងមិននឹកស្មានដល់ថា នៅពេលបានជួបឪពុកម្តាយដែលនាងស្រមៃចង់បានជាយូរមកនោះ បែរជាធ្វើឲ្យនាងស្រក់ទឹកភ្នែក និងខកចិត្តយ៉ាងខ្លាំង។

ទាក់ទងរឿងស្វែងរកឪពុកម្តាយបង្កើត ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ដោយមានជំនួយពីប៉ូលីស និងមូលដ្ឋានទិន្នន័យ DNA គេបានរកឃើញថា DNA របស់នាងត្រូវគ្នានឹងប្តីប្រពន្ធមួយគូនៅទីក្រុង Shaoxing ខេត្ត Zhejiang ដែលបាន​ធ្វើ​ឱ្យ Xiao Zhao សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ទោះបីចម្ងាយពីខេត្ត Shandong ដែលឪពុកម្តាយបង្កើតរបស់នាងរស់នៅមានចម្ងាយជាង 1,000 គីឡូម៉ែត្រ ក៏ដោយ ក៏នាងនឹងរីករាយក្នុងការធ្វើដំណើរទៅជួបពួកគេ។

ដោយសារតែប្រទេស​ចិន​មាន​ករណី​បាត់​មនុស្ស​ជា​ច្រើន​ករណី ដូច្នេះ ឪពុកម្តាយជាច្រើនតែងតែធ្វើតេស្ត DNA ដែលត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​មូលដ្ឋាន​ទិន្នន័យ​របស់​រដ្ឋាភិបាល ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ក្មេង​ដែល​បាត់​នោះ​នឹង​ត្រូវ​បាន​រក​ឃើញ។ ហើយការ​ដែល​ Xiao Zhao ​បាន​រក​ឃើញ​ឪពុក​ម្តាយ​របស់​នាង​ពី​មូលដ្ឋាន​ទិន្នន័យ​នោះ ក៏បាន​ធ្វើ​ឱ្យ​ក្មេង​កំព្រាម្នាក់នេះ​ជឿ​ថា​ឪពុក​ម្តាយ​របស់​នាង​ក៏​កំពុង​ស្វែង​រក​នាង​ដែរ។

តាម​ឃ្លីប​ដែល​ប៉ូលិស​ថត​បាន​កាល​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ២០២៣ គេ​អាច​មើល​ឃើញ​ថា Xiao Zhao បាន​ទៅ​ជួប​ឪពុក​ម្តាយ​ដោយ​រំភើប​ចិត្ត។ ជាក់ស្តែង នៅពេលនាងបានទៅដល់ទីក្រុងដែលឪពុកម្តាយបង្កើតរបស់នាងគេរស់នៅ អារម្មណ៍​ដ៏​លើសលប់​ធ្វើ​ឲ្យ​នាង​យំ។ ហើយទោះ​បី​ជា​ឪពុក​ម្ដាយ​មិន​បាន​រៀបចំ​ពិធី​ស្វាគមន៍​ ក៏​នាង​នៅ​តែ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ និង​ទន្ទឹង​រង់ចាំ​ជួបពួកគេ។

ពេលនៅក្នុងឡាន Xiao Zhao បានសួរប៉ូលីស ខណៈកំពុងយំថា “គ្រួសារខ្ញុំយ៉ាងម៉េចហើយ? តើ​ឪពុក​ម្តាយ​ខ្ញុំសព្វថ្ងៃនេះ ពួកគាត់កំបុង​ធ្វើ​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត?»។ រាល់ពេលដែលប្រធានបទរបស់ឪពុកម្តាយបង្កើតរបស់នាងត្រូវបានលើកឡើង នារីជាក្មេងកំព្រារូបនេះមិនអាចទប់អារម្មណ៍របស់នាងបាននោះទេ។

ទោះជាយ៉ាងណា ពេលវេលាដែល Xiao Zhao ទន្ទឹងរង់ចាំបានមកដល់ អ្វីៗគឺមិនដូចការរំពឹងទុកនោះទេ។ ព្រោះថា មនុស្ស​តែ​ម្នាក់​គត់​ដែល​មក​ជួបនាង គឺ​ឪពុក​បង្កើត​របស់​នាង​ដែល​មាន​ទឹក​មុខ​ត្រជាក់ ខណៈ​ម្តាយ​បង្កើត និង​ប្អូន​ស្រី​បង្កើត​របស់​នាងដទៃទៀត ពួកគេ​មិន​ព្រម​មក​ជួប និងសូម្បី​មិន​ព្រម​ឱ្យ​នាង​ទៅតាមដល់​ផ្ទះ​ទៀត​ផង។

ពេល​ឃើញ​អាកប្បកិរិយា​របស់​គ្រួសារ​ពិត ​និង​ឪពុក​ដែល​ទើប​តែ​មក​ជួប​មុខ ​ដោយ​មិន​បាន​គិត​ចង់​យក​នាង​ត្រឡប់​ទៅ​ផ្ទះ​នោះ ​បាន​ធ្វើ​ឲ្យ Xiao Zhao ខូច​ចិត្តយ៉ាងខ្លាំង។ ហេតុនេះ នាងបាន​ដឹង​ភ្លាម​ថា ​នាង​ជា​ក្មេង​ដែល​គេ​បោះ​បង់​ចោលប៉ុណ្ណោះ ព្រោះពួកគេមិនបានស្វាគមន៍នាងទាល់តែសោះ។

ប៉ុន្តែទោះជាបែបនេះក៏ដោយ Xiao Zhao ក៏មិនត្អូញត្អែរអ្វីនោះទេ ដោយនាងគ្រាន់តែងាកទៅនិយាយជាមួយឪពុករបស់នាងដើម្បីឱ្យគាត់ដឹងថា នាងកំពុងស្វែងរកពួកគេ គឺដោយសារតែនាងគ្រាន់តែចង់ដឹងថា តើឪពុកម្តាយពិតប្រាកដរបស់នាងបានកំពុងធ្វើអ្វី ហើយពួកគេមានលក្ខណៈបែបណា នាងមិនរំពឹងថានឹងពឹងផ្អែកលើពួកគេសម្រាប់អ្វីនោះទេ។

នៅពេលនោះ ឪពុកពិតរបស់នាង បាននិយាយទៅកាន់នាងដោយទឹកមុខស្ងប់ស្ងាត់ថា “ខ្ញុំដឹងហើយថាខ្ញុំជំពាក់អ្នក។ ខ្ញុំ​បាន​ប្រាប់ពួក​គេ​រួច​ហើយ»។ ពេល​ឮ​សម្ដី​ឪពុកបែបនេះ Xiao Zhao បាន​យល់​ ព្រោះ​បើ​ទោះ​បី​ជាឪពុក​ដឹង​ថា​នាង​ជា​ឈាមរបស់ខ្លួន​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​អ្នក​ដទៃ​នៅ​ក្នុង​ផ្ទះ​មិន​ទទួល​យក​ ឪពុក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ដូច្នេះហើយ Xiao Zhao បានត្រឹមតែឆ្លើយថា «គ្មានបញ្ហាអ្វីទេ! ខ្ញុំមកនេះ គឺគ្រាន់តែចង់ជួបអ្នកទាំងអស់គ្នា ហើយខ្ញុំចង់ដឹងថា តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីប៉ុណ្ណោះ»។

Xiao Zhao បាននិយាយស្ថិតក្នុងស្ថានភាពស្រក់ទឹកភ្នែកថា “ខ្ញុំតែងតែគិតថាអ្នកទាំងអស់គ្នានឹងមានបញ្ហា។ ខ្ញុំបានបារម្ភពីអ្នកទាំងអស់គ្នាខ្លាំងណាស់ ខ្ញុំមិនចង់បានអ្វីនោះទេ»។ ដោយ​ឃើញ​ការ​ព្រួយ​បារម្ភ​របស់​កូន​ស្រី ឪពុក​បង្កើត​បាន​និយាយ​យ៉ាង​ត្រជាក់​ថា «កុំ​យំ យើង​មាន​ជីវិត​ល្អ​ឥឡូវ​នេះ»។

Xiao Zhao ក៏បានប្រាប់ឪពុករបស់នាងថា «ខ្ញុំសុខសប្បាយជាទេ ពុកមិនបាច់បារម្ភពីខ្ញុំទេ គ្រួសារដែលបានចិញ្ចឹមខ្ញុំពិតជាគួរអោយស្រលាញ់ណាស់»។ នាង​ក៏​បាន​ប្រាប់​ឪពុក​​ថា ប្រសិន​បើ​ពួក​គេ​សុខ​ចិត្ត​មក​ជួប​នាង​នៅ​ខេត្ត Shandong នោះ នាង​សុខ​ចិត្ត​មើល​ថែ​ពួក​គេ​ពេល​ចាស់​ទៅ។

របាយការណ៍​បាន​បង្ហាញ​ថា ឪពុក​ម្តាយ​ចិញ្ចឹម​របស់ Xiao Zhao មាន​សុខភាព​ល្អ​គួរ​សម។ Xiao Zhao បាននៅជាមួយពួកគេតាំងពីនាងនៅតូច ទោះ​បី​ជា​ឪពុក​ម្តាយ​ចិញ្ចឹម​ក្រោយ​មក​មាន​កូន​ប្រុស​ម្នាក់​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ស្រឡាញ់​និង​ចិញ្ចឹម Xiao Zhao ដូច​កូនបង្កើត​របស់​ពួក​គេអ៊ីចឹង។ ដូច្នេះ​ហើយ ​ទើប​នាង​ទទួល​បាន​ការ​អប់រំ​ល្អ ហើយឥឡូវនេះនាងបានរៀបការហើយ។ ទាំង Xiao Zhao និងប្តីរបស់នាងបានប្រឡូកក្នុងជំនួញ។ ដូច្នេះហើយ ត្រឹមការចិញ្ចឹម​មើល​ថែ​ពី​ឪពុក​ម្តាយ​បង្កើត វាមិនមានជាញ្ហាដែលនាងមិនអាចធ្វើបាននោះទេ។

រឿងរ៉ាវ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​ពិភាក្សា​ជា​ច្រើន ខណៈពេលដែលអ្នកនិយមលេងអ៊ីនធឺណិតមកពីខេត្ត Shandong បានបញ្ចេញមតិថា «ត្រលប់មកវិញ ពួកយើងនៅ Shandong នឹងគាំទ្រអ្នក» ។ រីឯអ្នកមកពីខេត្ត Zhejiang វិញក៏បានបញ្ចេញមតិថា “ក្នុងនាមប្រជាជនមកពីខេត្ត Zhejiang ខ្ញុំពិតជាសុំទោស និងកោតសរសើរទឹកចិត្តរបស់អ្នកយ៉ាងខ្លាំង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×