ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមក្នុងប្រទេសថៃ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះករណីដ៏មិននឹកស្មានដល់មួយ គ្រាដែលប៉ូលិសផ្នែកបង្រ្កាបបទល្មើសប្រព័ន្ធអ៊ីនធឺណិត បានឆ្មក់ចូលផ្ទះរបស់ YouTuber ម្នាក់ នៅក្នុងខេត្ត Phitsanulok ហើយបានរកឃើញអាវុធ និងគ្រាប់រំសេវមួយចំនួនធំ។
យោងតាមប្រភពព័ត៌មាន dailynews បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ឯក Worawat Wattanakornbancha អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ Thammasak Pinthong មេបញ្ជាការរងភូមិភាគទី៦ រួមជាមួយលោកឧត្តមសេនីយ៍ឯក Jittipon Phonpruksa បញ្ជាការដ្ឋានប្រតិបត្តិការពិសេសទី៤ និងលោកឧត្តមសេនីយ៍ទោ Nikhom Khrueanopparat ស្នងការនគរបាលខេត្ត Phitsanulok បាននាំយកដីកាឆែកឆេររបស់សាលាដំបូងខេត្ត Phitsanulok ដើម្បីធ្វើការឆែកឆេរផ្ទះមួយ នៅឃុំ Ban Krang ស្រុក Muang ខេត្ត Phitsanulok។
តាមរយៈការឆែកឆេរ ម្ចាស់ផ្ទះត្រូវបានដឹងថាមានឈ្មោះ Tarinsit អាយុ ៣៣ ឆ្នាំ។ នៅក្នុងផ្ទះបានរកឃើញអាវុធចំនួន ៨៧ ដើម គ្រាប់រំសេវចំនួន ៤.៥៧៦ និងបង់គ្រាប់ចំនួន ៧ ត្រូវរឹបអូសយកទៅពិនិត្យ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមុននឹងរាយការណ៍ពីបទចោទ «កាន់កាប់អាវុធនិងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត» និងបាននាំយកវត្ថុតាងដែលរឹបអូស ទៅកាន់មន្ត្រីស៊ើបអង្កេត ដើម្បីកាត់ទោសតាមច្បាប់ មានសេចក្តីរាយការណ៍មកថា លោក Trinsit គឺជា YouTuber ដែលជាម្ចាស់ Channel ត្រួតពិនិត្យកាំភ្លើង សម្ភារៈប្រើប្រាស់កាំភ្លើង និងផ្តល់ដំបូន្មានអំពីរបៀបបាញ់កាំភ្លើងទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង