រូប:រូបភាពផ្កាយរណបបង្ហាញទីតាំងផលិតមីស៊ីលឈ្មោះ Sanumdong នៅក្បែរទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ២៩ កក្កដា ២០១៨
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកវិញ បង្ហាញថា កូរ៉េខាងជើងនៅតែកំពុងបន្តសកម្មភាពផលិតមីស៊ីលចម្ងាយឆ្ងាយ ដែលអាចហោះទៅដល់ទឹកដីអាមេរិក។អ្នកទទួលខុសត្រូវអាមេរិកម្នាក់ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ផ្កាយរណបរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចាប់បានរូបភាពជាច្រើនដែលបង្ហាញពីសកម្មភាពដ៏មមាញឹក នៅរោងចក្រមួយ ដែលធ្លាប់ជាទីតាំងផលិតមីស៊ីលបាលីស្ទីក ចម្ងាយឆ្ងាយ ដែលអាចបាញ់ហោះដល់ទឹកដីអាមេរិក។
Washington Post កាលពីថ្ងៃចន្ទម្សិលមិញ បានដកស្រង់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកថា កូរ៉េខាងជើង កំពុងបន្តផលិតយ៉ាងហោចណាស់មីស៊ីលអន្តរទ្វីបមួយដើម ឬក៏ពីរដើម នៅរោងចក្រស្រាវជ្រាវមួយកន្លែង ក្បែរក្រុងព្យុងយ៉ាង។
ប្រមុខការបរទេសអាមេរិក លោក Mike Pompeo ទើបបាននិយាយទទួលស្គាល់នៅក្នុងសវនាការរបស់ព្រឹទ្ធសភាអាមេរិកថា កូរ៉េខាងជើង គឺនៅតែបន្តផលិតសារធាតុនុយក្លេអ៊ែរ។
នៅក្នុងជំនួបកំពូលអាមេរិក កូរ៉េខាងជើង នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២មិថុនាកន្លងទៅ លោកគីម ជុងអ៊ុនគ្រាន់តែបញ្ជាក់ពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការលុបបំបាត់ចោលទាំងស្រុង អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េតែប៉ុណ្ណោះ ៕
សូយន