នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ យន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (ជើងហោះហើរ JL516) បានជួបគ្រោះថ្នាក់បុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រធុនមួយគ្រឿង ខណៈពេលចុះចតនៅព្រលានយន្តហោះ Haneda ក្នុងទីក្រុងតូក្យូ បណ្តាលឲ្យឱ្យមានការផ្ទុះឆេះគួរឲ្យរន្ធត់។
យ៉ាងណាមិញ វីដេអូ និងរូបភាពដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញអ្នកដំណើរស្រែកដោយភាពភ័យខ្លាចយ៉ាងខ្លាំង នៅខាងក្នុងកាប៊ីនដែលពោរពេញដោយផ្សែង បន្ទាប់ពីភ្លើងបានឆាបឆេះ មុនពេលរត់ចាកចេញយ៉ាងលឿនដោយប្រើស្លាយជម្លៀសបន្ទាន់។ តែពិតជាសំណាងណាស់ ដែលអ្នកដំណើរចំនួន ៣៦៧នាក់ និងសមាជិកនាវិក ១២នាក់ អាចជម្លៀសចេញដោយសុវត្ថិភាព។ ទោះជាយ៉ាងណា មនុស្ស ១៤ នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសមិនមាននរណាម្នាក់ធ្ងន់ធ្ងរ ឬគំរាមកំហែងដល់អាយុជីវិតនោះទេ។
រដ្ឋមន្ត្រីដឹកជញ្ជូនជប៉ុន លោក Tetsuo Saito បានបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានព្យាយាមចុះចតធម្មតានៅលើផ្លូវរត់ មុនពេលបុកជាមួយយន្តហោះល្បាតដែនសមុទ្រ Dash-8 ដែលហៀបនឹងចាប់ផ្តើមបេសកកម្មទៅកាន់មូលដ្ឋានមួយនៅក្នុងខេត្ត Niigata ដើម្បីដឹកសម្ភារៈសម្រាប់ផ្គត់ផ្គង់ដល់តំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីកម្រិត 7.6 រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ហើយវាបានកំពុងធ្វើដំណើរនៅលើផ្លូវរត់នៅពេលនោះ វាក៏បានបុកជាមួយយន្តហោះ JAL តែម្តង។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ សមាជិកនាវិក ៥ នាក់ នៃយន្តហោះឆ្មាំឆ្នេរសមុទ្រ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយប្រធានក្រុមអាយុ ៣៩ ឆ្នាំ អាចរួចផុតពីអាយុជីវិត ប៉ុន្តែគាត់បានរងរបួសធ្ងន់។ មិនមានរបាយការណ៍អំពីម៉ាស៊ីន ឬបញ្ហាផ្សេងទៀតនៅលើយន្តហោះ មុនពេលចុះចតនោះទេ។
យោងតាមព័ត៌មានពីកំណត់ហេតុទំនាក់ទំនងរបស់អាកាសយានដ្ឋាន ជើងហោះហើរនេះបានចាកចេញពីអាកាសយានដ្ឋាន New Chitose នៅម៉ោង 4:27 ល្ងាច ហើយបានមកដល់ព្រលានយន្តហោះ Haneda នៅម៉ោង 5:43 ល្ងាច។ អាជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានទទួលការអនុញ្ញាតឱ្យចុះចតនៅ Runway 34R ដែលត្រូវបានគេស្គាល់ថា Runway C ប៉ុន្តែ មិនដល់បីនាទីក្រោយមក យន្តហោះ Airbus A350 បានធ្លាក់ចូលទៅក្នុងយន្តហោះឆ្មាំឆ្នេរសមុទ្រតូចមួយ។ នៅក្នុងការថតទុករបស់មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ករណីនេះមិនទាន់ត្រូវបានគេបង្ហាញឱ្យច្បាស់នៅឡើយទេថា តើយន្តហោះឆ្មាំសមុទ្រត្រូវបានអនុញ្ញាតនៅលើផ្លូវរត់ទេ?។
ក្រសួងដឹកជញ្ជូន និងមន្ត្រីឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃឧប្បត្តិហេតុនេះ រួមទាំងវិធីសាស្រ្តនៃការបង្ការ ខណៈពេលដែលក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន កំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតថា តើមានការទំនាក់ទំនងគ្នាមិនត្រឹមត្រូវ ឬយ៉ាងណា នៅក្នុងប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ក្នុងពេលចុះចតនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង