Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងបង្កើតផ្លូវនាវាចរណ៍ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់ខេត្តកែប នឹងបើកផ្លូវសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា

ភ្នំពេញ៖ គម្រោងបង្កើតផ្លូវនាវាចរណ៍ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់ខេត្តកែប ពិតជាមានសារៈសំខាន់បំផុត គឺជាសរសៃឈាមនិងជាការបើកផ្លូវសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជា សម្រាប់គាំទ្រដល់ការដឹកជញ្ជូន និងការទាក់ទាញដល់អ្នកវិនិយោគឲ្យមកបណ្តាក់ទុនបន្ថែម។ នេះបើផ្អែកតាមការអះអាងពីអ្នកជំនាញនៅក្នុងវិស័យភស្ដុភារកម្មកម្ពុជា។​

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា  ទាក់ទងនិងការដឹកជញ្ជូនទំនិញ បន្ទាប់ពីការដឹកជញ្ជូនចូលដល់កំពង់ផែ ក្នុងនោះ ចំពោះការដឹកជញ្ជូនបន្តចូលទីផ្សារក្នុងស្រុក គឺអនុវត្តការដឹកជញ្ជូនតាមផ្លូវគោកទាំងស្រុង ភាគច្រើនគឺការដឹកជញ្ជូនដោយរថយន្ត និងមានមុខទំនិញមួយចំនួនតូច បានដឹកជញ្ជូនតាមរថភ្លើង។ ចំណែក ការដឹកជញ្ជូនសម្រាប់ទីផ្សារនាំចេញវិញ គឺកម្ពុជាបានអនុវត្តដូចគ្នានឹងការនាំចូលផងដែរ ដោយការដឹកជញ្ជូនរបៀបនេះ គឺមានថ្លៃដើមខ្ពស់។

លោកឧកញ៉ា បន្តថា ចំពោះគំនិតផ្តូចផ្តើមនៃគម្រោងបង្កើតផ្លូវទឹកព្រែកជីក ពីទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់ខេត្តកែប នឹងមានក្តីរំពឹងថា គម្រោងនេះ នឹងលេចរូបរាងក្នុងពេលខាងមុខ ក្នុងនោះប្រសិនកម្ពុជាមានផ្លូវទឹកចាក់ចូលដល់ទីផ្សារក្នុងស្រុក វាគឺជាសរសៃរឈាមដ៏សំខាន់របស់កម្ពុជា ហើយក៏ជាច្រកសេដ្ឋកិច្ចថ្មីមួយទៀតរបស់កម្ពុជាផងដែរ ដែលនឹងអាចជំរុញការដឹកជញ្ជូនបានលឿនជាងមុន ទាន់ពេលវេលា និងកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ ហើយតាមរយៈនេះ គឺជាផ្នែកមួយជួយគាំទ្រដល់វិស័យកសិកម្ម និងបរិស្ថាន និងការកាត់បន្ថយការរងផលប៉ះពាល់ខូចខាតផ្លូវ ស្ពានផងដែរ។

ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដំបូងគេក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ ទៅនឹងផ្លូវសមុទ្រ។ ព្រែកជីកនេះ នឹងតភ្ជាប់ព្រែកតាកែវនៃទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប ឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុបចំនួន 1.6 លាននាក់ រស់នៅសងខាងផ្លូវទឹក។

គួរបញ្ជាក់ថា យោងតាមការសិក្សាស្រាវជ្រាវ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ ចំនួន២គន្លង ដែលនឹងត្រូវចំណាយពេលប្រហែល ៤ឆ្នាំ ដើម្បីបញ្ចប់ ក្នុងទំហំថវិកាប្រមាណ ១,៧ ពាន់លានដុល្លារ៕

×