ចារកម្មកូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើងកំពុងជួបការលំបាកយ៉ាងធំក្នុងកិច្ចអភិវឌ្ឍន៍ កាំជ្រួចអន្តរទ្វីបរបស់ខ្លួន។
ស្ថាប័នចារកម្មរបស់កូរ៉េខាងត្បុង (NIS) ឲ្យដឹងថា កម្មវិធីកាំជ្រួចអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើង កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធំនោះគឺ តម្រូវការអភិវឌ្ឍបច្ចេកវិទ្យាបកត្រឡប់មកបរិយាកាសផែនដីវិញ នៃកាំជ្រួចរបស់ពួកគេ។
ប្រភពពុំបញ្ចេញឈ្មោះឲ្យដឹងបែបនេះ ខណៈពេលដែល NIS បានជួបរាយការណ៍ឲ្យគណៈកម្មាធិការចារកម្មនៃរដ្ឋសភាកូរ៉េខាងត្បូង។ បញ្ហាដូចពោលខាងលើជារឿងដែលកូរ៉េខាងជើងត្រូវដោះស្រាយឲ្យបានទើបគេអាចសុក្រិតភាពកាំជ្រួច ICMB បាន។
កូរ៉េខាងជើងពុំបានបាញ់កាំជ្រួចសាកល្បងបន្ថែមតាំងពីខែ ៩កន្លងមក ប៉ុន្តែមុននោះ នៅខែ៧/២០១៧ គេបានអនុវត្តការសាកល្បងកាំជ្រួច Hwasong-14 ដល់ទៅ២លើក។ ការសាកល្បងនោះត្រូវបានចាត់ទុកថា ជោគជ័យ ព្រោះតែវាអាចហោះដល់ទឹកដីអាមេរិក។
ប៉ុន្តែដើម្បីឈានដល់គោលដៅចុងក្រោយនោះ Hwasong-14 ទាមទារត្រូវមានបច្ចេកវិទ្យាសម្រាប់ការវិលត្រឡប់មកបរិយាកាសផែនដីវិញយ៉ាងមានប្រសិទ្ធភាព។ ការសាកល្បង២លើកមុន បង្ហាញឲ្យឃើញថា ពេលបកត្រឡប់មកដល់បរិយាកាសផែនដីនោះ វាបានបែកជាបំណែកៗយ៉ាងច្រើន មុនពេលធ្លាក់ដល់ផែនដី។
NIS ឲ្យដឹងថា កូរ៉េខាងជើងពុំគ្រាន់តែពិបាកក្នុងកិច្ចអភិវឌ្ឍន៍កាំជ្រួចសម្រាប់ការវិលត្រឡប់មកកាន់បរិយាកាសផែនដីប៉ុណ្ណោះទេ តែពួកគេនៅត្រូវការបរិក្ខារ “ឯកទេស” ដែលមានតម្លៃថ្លៃៗ ហើយការដាក់ទណ្ឌកម្មពីអន្តរជាតិ បានពន្យឺតកម្មវិធីអភិវឌ្ឍ ICBM របស់ក្រុងព្យុងយ៉ាង។
តាម NIS នោះការដែលកងទ័ពអាមេរិក បង្កសម្ពាធជាអាទិ៍ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាប់គ្រាប់យុទ្ធភ័ណ្ឌនៅឧបទ្វីបកូរ៉េក៏ធ្វើឲ្យក្រុងព្យុងយ៉ាងញញើតក្នុងការសាកល្បងកាំជ្រួចទៀត៕ សូយន