Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បើកសម្ពោធស្ពាន កោះយ៉ តម្លៃសាងសង់ ១,៣៨៧,០០០ដុល្លារ ដែលមានកម្មករចូលរួមជាង ១ម៉ឺននាក់នៅខេត្តកោះកុង

កោះកុង៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធស្ពានកោះយ៉ និងសំណេះសំណាលជាមួយកម្មករសរុបជាង ១ម៉ឺននាក់ នៅខេត្តកោះកុង។

ស្ពានដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់ ១,៣៨៧,០០០ដុល្លារ។ ស្ពាននេះ សាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានធ្វើដំណើរ បន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉មានសភាពចាស់ទ្រុឌទ្រោម។

តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត បានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ រោងចក្រ-សហគ្រាសជាច្រើន ត្រូវបានពង្រាយទៅតាមបណ្តាខេត្តផ្សេងៗទៀត ស្ទើរទូទាំងប្រទេស ដែលចំនួនសរុប បានកើនឡើងពីចំនួន ៦៤រោងចក្រ និងមានកម្មករនិយោជិត ត្រឹមប្រមាណ ៨ម៉ឺននាក់ នៅឆ្នាំ១៩៩៧ ដល់ចំនួន ៤០,៨៤០រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧លាននាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១,៦៨០ រោងចក្រ និងមានកម្មករ និយោជិតសរុបចំនួន ៩១៨,៧១៨នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ពាន់លានដុល្លារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា កម្មវិធីដែលមានកម្មករនិយោជិតចូលរួមចំនួន១១ ០០០នាក់នៅព្រឹកនេះ មានស្ត្រីមានផ្ទៃពោះចំនួន ៥៥១នាក់ មកពី ៥ រោងចក្រ សហគ្រាស ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀក បំពាក់ចំនួន ១, បង្គំខ្សែរភ្លើងចំនួន ១, ប៉ាក់លើសម្លៀកបំពាក់ចំនួន ១,បរិក្ខាអេឡិចត្រូនិកចំនួន ១, ដំឡើងរថយន្ត និងបង្គុំខ្សែរភ្លើងចំនួន ១”។

គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៨​ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានជួបសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ខណៈពេលដែលអាណត្តិកន្លងទៅ សម្តេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិត នៅតាមរាជធានី-ខេត្ត ជាច្រើនលើករួចមកហើយដែរ។

បើតាមឯកឧត្តម ហេង សួរ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ជាកម្មវិធីលើកទី១១ ដែល សម្តេចធិបតី បានជួបសំណេះ​សំណាលជាមួយបងប្អូន កម្មករនិយោជិតក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

×