អ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងថា ចោរប្លន់នៅហាងមាសមួយកន្លែង នៅក្នុងស្រុកសាដាវ ខេត្តសុងក្លា គឺជាស្រ្តីកែភេទ។
សមត្ថកិច្ចនៃស្រុក សាដាវ ខេត្តសុងក្លា បានឲ្យដឹងថា នៅវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ពីករណីប្លន់នៅក្នុងហាងមាស យ៉ាវរ៉ាត់ នៃទីក្រុងបាងកក។ បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញជនល្មើសជាភេទទី៣ ដែលបានប្លន់យកខ្សែកមាសចំនួន ៨ ខ្សែ ដែលមានតម្លៃជាង ៨០០,០០០ បាត (ស្មើនឹងជាង ២ ម៉ឺនដុល្លារអាមេរិក)។
ជនល្មើសមានឈ្មោះ Preecha ឬហៅថា Thian អាយុ ២០ ឆ្នាំ ។ ពីមុន រូបគេបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយថ្មីៗនេះបានត្រលប់មកវិញ។ មន្ត្រីបានតាមឆ្មក់ចូលចាប់ ខណៈរូបគេកំពុងនៅក្នុងបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងស្ថានភាពកន្សែងងូតទឹករុំខ្លួន និងរួមទាំងរឹបអូសខ្សែកមាសទាំង ៨ ខ្សែ ដែលលាក់ទុកក្រោមខ្នើយ និងព្រមទាំងដកហូតកាំបិតដែលប្រើក្នុងបទល្មើសផងដែរ។
Preecha បានឆ្លើយសារភាពបែបនេះថា ខ្លួនពិតជាបានប្លន់ហាងមាសក្នុងផ្សារ យ៉ាវរ៉ាត់ មែន។ នៅមុនពេលកើតហេតុ រូបគេបានដោះដូរទូរស័ព្ទដៃ ដើម្បីជួលម៉ូតូនៅស្រុកសាដាវ ដើម្បីជិះប្រព្រឹត្តបទល្មើស។ ក្រោយយកមាសបានហើយ ក៏ជិះម៉ូតូទៅចតទុកឱ្យម្ចាស់វិញ ព្រោះម៉ូតូនោះមានបំពាក់ GPS រួចហើយ ។ បន្ទាប់មក រូបគេក៏បានជួលរថយន្តដឹកដីរបស់អ្នកភូមិ ឲ្យដឹករូបគេទៅស្រុកហាតយ៉ៃ បន្ទាប់ពីបានប្រព្រឹត្តតែម្នាក់ឯង ដែលគ្មានអ្នកណាផ្សេងទៀតបានជាប់ពាក់ព័ន្ធនោះទេ។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ Preecha បាននិយាយថា មូលហេតុដែលខ្លួនសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែត្រូវការលុយទិញកាំភ្លើង ដើម្បីយកទៅបាញ់សម្លាប់មន្ត្រីម្នាក់ និងរួមទាំងសង្សារចាស់ម្នាក់ទៀត ដែលបានបោកលុយខ្លួនអស់ជាច្រើនសែនបាត។ ទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន Preecha អាយុ ២០ ឆ្នាំ ពីបទធ្វើផែនការដូចចម្លើយសារភាព មុននឹងនាំទៅសុំទោសតំណាងហាងមាស យ៉ាវរ៉ាត់ នៅទីក្រុងបាងកក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង