យោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្រ្តី ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដែល CEN ទើបទទួលបានថ្មីៗនេះ ឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យ សម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ធ្វើការសិក្សា និងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) , អភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី ដែលនឹងរំលេចសោភណភាពថ្មី និងសក្ដានុពលភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះ។
ក្នុងការអភិវឌ្ឍន៍គម្រោងវិនិយោគមួយនេះរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស ក្នុងការរៀបចំអភិវឌ្ឍឱ្យស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។

លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក គឺជាក្រុមហ៊ុន ដែលមានចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន និងអារ៉ាប់។ ប៉ុន្តែយើងនៅរង់ចាំមើលថា ការឈានទៅដល់ការដាក់ទុនវិនិយោគ លើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណង នៅខេត្តមណ្ឌលគិរី នេះ គឺអាស្រ័យទៅលើការសិក្សារបស់ក្រុមហ៊ុន, ប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថា មានស្ថានភាព និងដំណើរការល្អនោះ នឹងឈានទៅដល់ការវិនិយោគហើយ។

គួរបញ្ជាក់ផងដែរថា កន្លងមក រាជរដ្ឋាភិបាលធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិន China Power ធ្វើការសិក្សាលើគម្រោងវិនិយោគអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរីនេះម្ដងរួចហើយ ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ និងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ធ្វើឱ្យក្រុមហ៊ុន China Power ជាប់គាំងមិន អាចដំណើរការ, ទើបតែពេលនេះ រាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មី សិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះមណ្ឌលគិរីនេះ ជាបន្តទៀត។
ក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះខេត្តមណ្ឌលគីរីនេះ គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានទីតាំងចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មាន អាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង ៨០លានដុល្លារ៕ ពិសិដ្ឋ CEN







