ភ្នំពេញ៖ ក្រុមហ៊ុន GTV MOTOR គ្រោងនឹងចាប់ផ្តើមបើកដំណើររោងចក្រដំឡើងរថយន្តនៅកម្ពុជា នាឆ្នាំ២០២៤នេះ ដោយមានសមត្ថភាពអាចផលិតជាង ៣ម៉ឺនគ្រឿងក្នុងមួយឆ្នំា ដែលនេះ នឹងចូលរួមចំណែកគាំទ្រដល់ឧស្សាហកម្មធុនធ្ងន់របស់កម្ពុជា ហើយក៏នឹងជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើង។
ក្រុមហ៊ុន GTV MOTOR ជាក្រុមហ៊ុនផលិតរថយន្តប្រើប្រាស់ម៉ាកយីហោក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា ហើយក៏និងជំរុញឱ្យតម្លៃរថយន្តថ្មីកាន់តែទាប ខណៈរថយន្តថ្មីរបស់ក្រុមហ៊ុននេះ មានតម្លៃប្រហាក់ប្រហែលនឹងរថយន្តជជុះផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងពន្លឿនការសាងសង់រោងចក្ររបស់ខ្លួន ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។ រោងចក្រនេះ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្របដណ្តប់លើផ្ទៃដី ១០ហិកតា ដែលមានសមត្ថភាពផលិតរហូតដល់ ៣៥.០០០គ្រឿង ក្នុងមួយឆ្នាំ ដោយដំឡើងនូវប្រ ភេទរថយន្ត ៥ម៉ូឌែល ជាមួយតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ វត្តមានរោងចក្រនេះ នឹងចូលរួមចំណែកគាំទ្រដល់ឧស្សាហកម្មធុនធ្ងន់របស់កម្ពុជា ដែលជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើង។
កញ្ញា សយ បេនលីលី ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងអនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន GTV MOTOR បានឱ្យដឹងថា GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។ GTV MOTOR បានបង្កើតដោយជោគជ័យនូវម៉ូឌែល ដែលមានគុណភាពខ្ពស់ជាច្រើន ប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។
ក្រុមហ៊ុន GTV MOTOR ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាលពីឆ្នាំ ២០២២ ជាមួយទុនវិនិយោគចុះបញ្ជីប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន GTV MOTOR កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Daehan, Kia, Ssangyong, Soueast, Dongfeng, Ford, ISUZU និង Toyota ជាដើម។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា កំពុងទាក់ទាក់ទាញក្រុមហ៊ុនផលិតរថយន្តម៉ាកយីហោល្បីៗរបស់ពិភពលោកចូលមកបណ្តាក់ទុនបង្កើតរោងចក្រកាន់តែច្រើនឡើងផងដែរ ស្របតាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិក ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកន្លងមក ដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះនៅកម្ពុជា៕