ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានថ្លែងថា ការប្រារព្ធពិធីទិវាគយអន្តរជាតិសម្រាប់ឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មីដោយមានគោលដៅរួមច្បាស់លាស់” (Customs Engaging Traditional and New Partners with Purpose)។

នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ និងត្រូវជាខួបលើកទី៧១ឆ្នាំ នៃការបង្កើតអង្គការគយពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមករា រដ្ឋបាលគយនៃប្រទេសជាសមាជិកអង្គការគយពិភពលោកដែលបច្ចុប្បន្នមានចំនួន ១៨៥ប្រទេស រៀបចំពិធីដើម្បីអបអរសារទរទិវាគយអន្តរជាតិដើម្បីរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ដែលបច្ចុប្បន្នមានឈ្មោះថា អង្គការគយពិភពលោក (WCO)។ ប្រធានបទសម្រាប់ឆ្នាំ២០២៤នេះ គឺរៀបចំឡើងក្នុងគោលបំណងអំពាវនាវដល់សមាជិកអង្គការគយពិភពលោកទាំងអស់ ធ្វើការវាយតម្លៃឡើងវិញនូវការរៀបចំយុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងភាពជាដៃគូរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងត្រូវបង្កើតសម្ព័ន្ធភាពដៃគូថ្មីជាច្រើនទៀត ទោះជាស្ថិតនៅក្នុងកាលៈទេសៈ ដែលសកលលោកកំពុងវិវត្តឥតឈប់ឈរនិងឥតព្រាងទុក ព្រមទាំងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនរួមមាន៖ បដិវត្តន៍បច្ចេកវិទ្យា, វិបត្តិបរិស្ថាននិងសុខមាលភាព និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ព្រមទាំងសង្រ្គាម រុស្សី-អ៊ុយក្រែន អ៊ីស្រាអ៊ែល-ក្រុមហាម៉ាស់ ជាដើម។ល។ ប្រធានបទឆ្នាំនេះ មិនត្រឹមតែជាប្រយោគពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាផែនទីចង្អុលផ្លូវសម្រាប់រដ្ឋបាលគយត្រៀមរៀបចំយុទ្ធសាស្រ្តកំណែទម្រង់និងទំនើបកម្មគយ ផែនការសកម្មភាពដើម្បីសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់រដ្ឋបាលគយនីមួយៗ ដើម្បីពង្រឹងបន្ថែមនូវកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ និងរួមចំណែកបង្ករឱ្យមានបរិយាកាសធុរកិច្ចល្អប្រសើរ, ការបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពន្ធអាករ ប្រកបដោយសមធម៌និងតម្លាភាព, ការបង្កើនប្រសិទ្ធភាពក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, និងការចូលរួមចំណែកការពារសង្គម បរិស្ថាន និងសុខមាលភាពរបស់ប្រទេសជាតិ។

ឯកឧត្តមបានបន្តទៀតថា ដើម្បីកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីស្នូលគឺការប្រមូលពន្ធនិងអាករ, អគរ បានកំណត់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងឯកសារយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨របស់ខ្លួន។ កិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការគយ ត្រូវបានទទួលស្គាល់ថា ជាផ្នែកមួយដ៏សំខាន់សម្រាប់រាល់កិច្ចដំណើរការរបស់រដ្ឋបាលគយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

