Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី នៅមណ្ឌលអប់រំកែប្រែម១ ពាក់ព័ន្ធករណីជួញដូរសរីរាង្គ ឆបោកប្រាក់ អ្នកជំងឺសរុបជិត ១លានដុល្លារ

spot_img

ភ្នំពេញ ៖ អគ្គនាយកនៃមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋានខេត្តមណ្ឌលគិរី ស្រាវជ្រាវ និងឃាត់ខ្លនបានពាក់ព័ន្ធករណីជួញដូរសរីរាង្គ (ប្តូរតម្រងនោម) និងឆបោកប្រាក់អ្នកជំងឺសរុបជិត ១លានដុល្លារ ។

បុគ្គលមានឈ្មោះ ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី (Metro RLV Polyclinic) នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សចាប់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្រោយមការដឹកនាំបញ្ជាផ្ទាលើពីសំណាក់លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញផងដែរ ។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា តុលាការបានចាត់ការតាមនីតិវិធី និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទ ឈ្មោះង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាល មេត្រូ អអិលវី ជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែម១ ពាក់ព័ន្ធករណីជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានតាមសារព័ត៌មាន មានករណីជួញដូរសរីរាង្គ (តម្រងនោម) ឆបោកប្រាក់ នៅមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី (Metro RLV Polyclinic)។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការបំភ្លឺជនរងគ្រោះចំនួន១នាក់ តាមប្រព័ន្ធតេឡេក្រាម ទទួលពាក្យបណ្តឹងជនរងគ្រោះចំនួន១នាក់ និងទទួលពាក្យបណ្តឹងតំណាងឲ្យជនរងគ្រោះចំនួន៦នាក់។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋាន និងសម្របសម្រួល ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនិងឃាត់ខ្លួន ជនប្រព្រឹត្តល្មើស ករណីជួញដូរសរីរាង្គ និងឆបោក នៅឃុំចុងផ្លាស ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ដោយមានការសហការល្អ ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ នាយកដ្ឋាន បានកសាងសំណុំរឿង និងជនសង្ស័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តុលាការបានចាត់ការតាមនីតិវិធី និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែម១។

សូមជម្រាបថា ក្រសួងសុខាភិបាលនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៣ បានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះ បញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោម នៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវីនេះ បន្ទាប់ពីពលរដ្ឋ ១៨នាក់ កំពុងផុងខ្លួនចាញ់បោក មន្ទីរពហុព្យាបាលមេត្រូនៅកម្ពុជា ប្រមូលលុយជិត១លានដុល្លារ គេចខ្លួនបាត់ ខណៈពលរដ្ឋខ្មែរ ដេករង់ចាំការ វះកាត់នឹង ដូរសរីរាង្គនៅឥណ្ឌារាប់ខែ ទាំងអស់សង្ឈឹម។

ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម១៨នាក់ កំពុងដេកទន្ទឹងរង់ចាំសេវាព្យាបាលនៅប្រទេសឥណ្ឌា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយតាមបណ្តាញតេឡេក្រាម ពីប្រទេសឥណ្ឌានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា រូបគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវាព្យាបាលជាមួយមន្ទីរពហុព្យាបាល មេត្រូ អអ៉ិលវី (Metro RLV Polyclinic) ដែលជាតំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។

ដើម្បីទទួលបានសេវាព្យាបាលដោយការដូរតម្រងនោមនៅប្រទេសឥណ្ឌា អ្នកជំងឺមកពីខេត្តបន្ទាយមានជ័យ ដែលសូមលាក់អត្តសញ្ញាណរូបនេះ បានបង់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានីភ្នំពេញ។

អ្នកជំងឺរូបនេះ បានបន្តរៀបរាប់ថា បន្ទាប់ពីបានលុយហើយនោះ រូបលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីទទួលសេវាព្យាបាល។ ក្រោយពេលទៅដល់ប្រទេសឥណ្ឌា រូបលោក មិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យានោះឡើយ។

អ្នកជំងឺរូបនេះ បានដេករង់ចាំសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌាអស់រយៈពេល៧ខែមកហើយ។ បើតាមអ្នកជំងឺរូបនេះបានឱ្យដឹងថា ការដែលរូបលោក មិនទទួលបានសេវាដូរតម្រងនោមនេះ ដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូវនៅក្នុងប្រទេសឥណ្ឌា។ នៅពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុមហ៊ុននៅភ្នំពេញក្ស័យធន មិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ។

ក្រៅតែពីអ្នកជំងឺដែលបានផ្តល់ព័ត៌មានខាងលើនេះ នៅមានអ្នកជំងឺជាពលរដ្ឋខ្មែរ ១៧នាក់ផ្សេងទៀត កំពុងដេករង់ចាំដំណោះស្រាយ និងទទួលបានសេវាដូរតម្រងនោម។ ប៉ុន្តែការរង់ចាំបានអូសបន្លាយអស់ជាច្រើនខែ ដោយគ្មានពន្លឺដំណោះស្រាយ ហើយលោក ង៉ែត សំអូន ដែលជាអ្នកទទួលលុយនោះ បានគេចខ្លួនបាត់ហើយ។

បើតាមអ្នកជំងឺខាងលើនេះ បានអះអាងថា ទាំងរូបលោក និងអ្នកជំងឺ ១៧នាក់ទៀត សុទ្ធតែជាអ្នកត្រូវដូរតម្រងនោម ហើយបានបង់ថ្លៃសេវាដូរនេះរួចរាល់ហើយ។ មកដល់ពេលនេះ អ្នកជំងឺខ្លះដេករង់ចាំការដូរតម្រងនោម រយៈពេល៤ ខ្លះ៥ ខ្លះ៧ខែ ខ្លះ៨ខែ និងខ្លះទៀត ៩ខែហើយ។

ខណៈពន្លឺនៃការទទួលបានសេវាដូរតម្រងនោមមិនដឹងថា លទ្ធផលយ៉ាងណានោះ ពួកគាត់ក៏ត្រូវចំណាយថ្លៃលាងឈាម និងថ្លៃអាហារហូបចុកអស់ជាច្រើនទៀត។

ពលរដ្ឋខ្មែរកំពុងមានជំងឺតម្រងនោមទាំង១៨រូបនេះ និងកំពុងទន្ទឹងរង់ចាំឱកាសបន្តដង្ហើមជីវិតតាមរយៈការដូរតម្រងនោម បានអំពាវនាវសូមការជួយអន្តរាគមន៍ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពួកគេគ្មានក្តីសង្ឃឹមថា លោក ង៉ែត សំអូន អគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅរាជធានីភ្នំពេញ នឹងចេញមុខដោះស្រាយនោះឡើយ។

គណៈគ្រប់គ្រង មន្ទីរពេទ្យ មេត្រូ RLV ក្រៅប្រទេស លីមីតធីត នៅថ្ងៃទី 17 ខែតុលាឆ្នាំ 2023 បានចេញសេចក្តីជូនដំណឹងជាសាធារណៈថា ថ្មីៗនេះមន្ទីរពេទ្យ មេត្រូ RLV ក្រៅប្រទេស លីមីតធីតបានសង្កេតឃើញថា បុគ្គល ង៉ែត សំអួនដែលត្រូវជានាយកគ្រប់គ្រង មន្ទីរពេទ្យ មេត្រូ RLV ក្រៅប្រទេស លីមីតធីត បានប្រើប្រាស់តួនាទីរបស់គាត់នៅក្នុងក្រុមហ៊ុន ដោយមានកំហុសដែលមិនអាចទទួលយកបាន និងបានបង្ហូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ ហើយបានយកលុយពីអ្នកជ ម្ងឺជាច្រើននាក់ដើម្បីព្យាបាល ជាពិសេសទៅប្រទេសឥណ្ឌា។ គាត់ក៏បានប្រមូលលុយពីបុគ្គលផ្សេងៗដែលដាក់ បញ្ចាំឧបករណ៍របស់ក្រុមហ៊ុន ហើយមិនបានសងមកក្រុមហ៊ុនវិញដូចគ្នាទេ។

រាល់សកម្មភាពទាំងឡាយរបស់បុគ្គល ង៉ែត សំអូន ដែលយកសម្ភាររបស់ក្រុមហ៊ុនគឺមិនត្រូវបាន អនុញ្ញាតពីក្រុមហ៊ុននោះទេ ហើយគាត់បានធ្វើដូចគ្នាក្នុងសកម្មភាពផ្ទាល់ខ្លួនរបស់គាត់ ដោយគ្មានបានជួន ដំណឹងមកក្រុមហ៊ុននោះឡើយ។

ម្ចាស់មន្ទីរពេទ្យ Metro RLVក្រៅប្រទេសបានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើ អមនុស្សធម៌ដែលធ្វើឡើងដោយបុគ្គល ង៉ែត សំអូន ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់។

ម្ចាស់ក្រុមហ៊ុនបានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្រុមហ៊ុន ហើយគាត់លែងត្រូវបានចាត់ទុកថាជានាយកនៅក្នុងក្រុមហ៊ុនរបស់យើងតទៅទៀតហើយ។ ពាក្យបណ្តឹងមួយត្រូវបានប្តឹងជាមួយអាជ្ញាធរប៉ូលីសប្រឆាំងនឹងគាត់ ហើយយើងកំពុងព្យាយាមនាំគាត់ទៅកាន់តុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ម្ចាស់ក្រុមហ៊ុនសូមជួនដំណឹងទៅកាន់អតិថិជនទាំងអស់មេត្តាជ្រាបថា សូមកុំបន្តការជឿ រឺ ធ្វើកិច្ចសន្យាណាមួយជាមួយបុគ្គល ង៉ែត សំអូន ក្នុងការបញ្ជូនអ្នកជម្ងឺសម្រាប់ទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា ឬ អោយបុគ្គលនេះខ្ចីប្រាក់ជាថ្នូរនឹងដាក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបញ្ចាំណាមួយឡើយ។ ម្ចាស់ក្រុមហ៊ុនបដិសេធមិន ទទួលយកទំនួលខុសត្រូវណាមួយសម្រាប់សកម្មភាពបែបនេះ។ កិច្ចសន្យាណាមួយដែលបានបញ្ចូលក្នុងសមត្ថភាពផ្ទាល់ខ្លួនជាមួយ បុគ្គល ង៉ែត សំអុន ជាទំនួលខុសត្រូវពេញលេញរបស់ភាគីដែលមានទំនាក់ទំនងជាមួយ បុគ្គល ង៉ែត សំអូន។

ម្ចាស់ក្រុមហ៊ុនកំពុងព្យាយាមកំណត់ទីតាំង និងចំនួនអ្នកជំងឺដែលបុគ្គល ង៉ែត សំអូន បានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីព្យាបាលពួកគាត់ ហើយនឹងព្យាយាមបន្ថែមជំនួយជាច្រើនតាមដែលអាចធ្វើទៅបាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×