ភ្នំពេញ៖ លោកប្រធានក្រុមហ៊ុន Mizuda Group បានឲ្យដឹងអំពីគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញ។
ការបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Groupនេះ ធ្វើឡើងក្នុងឱកាស ដែលលោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន និងសហការី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
លោក សាន ជានមីង ប្រធានក្រុមហ៊ុន Mizuda Group បានឲ្យដឹងថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំហើយ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរ និងសាធារណជនទូទៅ។ ជាមួយគ្នា ក្រុមហ៊ុន ក៏បានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០ កន្លែង។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលបាន និងកំពុងសហការយ៉ាងល្អ ជាមួយសាលារាជធានីភ្នំពេញ នៅក្នុងការផ្តល់សេវាបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង សំណល់រឹង ដែលជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ ផងដែរ។
គួរបញ្ជាក់ថា ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕