វីដេអូដ៏ហួសចិត្តខ្លាំងបំផុតមួយ ដែលបង្ហាញពីការកាត់ទោសជាក់ស្តែង របស់យុវជនកូរ៉េខាងជើងអាយុ ១៦ ឆ្នាំពីរនាក់ ឲ្យជាប់គុករហូតដល់ ១២ ឆ្នាំ ពីបទមើលរឿងភាគកូរ៉េខាងត្បូង បានកំពុងរីករាលដាលនៅលើអ៊ីនធឺណិត។
នៅក្នុងវីដេអូដែលទទួលបានដោយ BBC បានបង្ហាញថា យុវជនពីរនាក់ក្នុងឯកសណ្ឋានពណ៌ប្រផេះ អាចត្រូវបានគេមើលឃើញនៅលើឆាកដែលហ៊ុំព័ទ្ធដោយមនុស្សរាប់រយនាក់ នៅពេលដែលពួកគេទទួលការកាត់ទោសរបស់ពួកគេពីបទឧក្រិដ្ឋកម្ម «ដ៏អាក្រក់» ពីការមើល និងចែកចាយរឿងភាគ របស់កូរ៉េខាងត្បូង ដែលរបបនេះបានហាមដាច់ខាត រាល់ការមើលការកម្សាន្ត រួមទាំងកម្មវិធីទូរទស្សន៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយយោងទៅតាមច្បាប់ដែលអនុម័តនៅក្នុងឆ្នាំ ២០២០ នោះការមើល ឬចែកចាយការកម្សាន្តរបស់កូរ៉េខាងត្បូង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរ ឬរហូតដល់ប្រហារជីវិត។ ប៉ុន្តែប្រជាជនកូរ៉េខាងជើងមួយចំនួននៅតែសុខចិត្តប្រថុយជីវិត ដើម្បីមើលប្រទេសជិតខាង។
អ្នកនិពន្ធរឿងម្នាក់ បាននិយាយដោយយោងទៅតាមប្រទេសកូរ៉េខាងត្បូងថា «វប្បធម៌នៃរបបដ៏អាក្រក់នេះបានរីករាលដាលដល់ក្មេងជំទង់ជំនាន់ក្រោយយ៉ាងខ្លាំង។ ជាក់ស្តែង យុវជនទើបតែអាយុ ១៦ ឆ្នាំ ពីរនាក់ ពួកគេបានបំផ្លាញអនាគតរបស់ពួកគេ គួរឲ្យអាណិតជាខ្លាំង»។
យោងតាមអ្នករត់ចោលស្រុកកូរ៉េខាងជើងម្នាក់ ដែលបានយល់ព្រមនិយាយជាមួយ BBC បានទម្លាយឲ្យដឹងថា គាត់ត្រូវបានគេបង្ខំឱ្យមើលបុរសអាយុ ២២ ឆ្នាំម្នាក់ ត្រូវបានបាញ់ដោយក្រុមបាញ់ប្រហារ ពីបទស្តាប់តន្ត្រីកូរ៉េខាងត្បូង និងចែករំលែកវីដេអូជាមួយមិត្តរបស់គេ។
ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅពេលដែលគេចាប់បានលួចមើលការកម្សាន្តរបស់អាមេរិក នោះអាចទទួលបានសំណូកតិចតួច ប៉ុន្តែ ការលួចមើលនៅក្នុងកម្មវិធីរបស់កូរ៉េខាងត្បូង គឺកាន់តែអាក្រក់ទៅៗ។
អ្នករត់ចោលស្រុកកូរ៉េខាងជើងម្នាក់បានប្រាប់ BBC ថា «ប្រសិនបើអ្នកត្រូវបានគេចាប់បានថា អ្នកកំពុងមើលរឿងរបស់អាមេរិក អ្នកអាចរួចផុតពីការសូកប៉ាន់ ប៉ុន្តែប្រសិនបើអ្នកមើលរឿងកូរ៉េ អ្នកនឹងត្រូវបាញ់ចោល។ សម្រាប់ប្រជាជនកូរ៉េខាងជើង រឿងភាគកូរ៉េ គឺជា “ថ្នាំ” ដែលជួយពួកគេបំភ្លេចការពិតដ៏លំបាករបស់ពួកគេ»។
នោះក៏ព្រោះតែរឿងភាគកូរ៉េខាងត្បូង និងអ្វីដែលប្រថុយនឹងការទទួលបានការកោតសរសើរពីប្រជាជនកូរ៉េខាងជើង ចំពោះរបបកូរ៉េខាងត្បូង គឺជាការគំរាមកំហែងយ៉ាងសំខាន់ ចំពោះមេដឹកនាំកូរ៉េខាងជើង។ ហេតុដូច្នេះ ការបំផ្លាញអនាគតរបស់យុវជនកូរ៉េខាងជើង២នាក់ គឺជាគំរូដល់ជនល្មើសផ្សេងទៀត ត្រូវតែមានការប្រុងប្រយ័ត្ន។
អ្នករត់ចោលស្រុកកូរ៉េខាងជើងនោះ ក៏បាននិយាយថា៖ «នៅប្រទេសកូរ៉េខាងជើង យើងបានយល់ឃើញថា កូរ៉េខាងត្បូងរស់នៅអាក្រក់ជាងយើង ប៉ុន្តែនៅពេលអ្នកមើលរឿងភាគកូរ៉េខាងត្បូង វាជាពិភពលោកខុសគ្នាទាំងស្រុង។ វាហាក់ដូចជាអាជ្ញាធរកូរ៉េខាងជើងប្រយ័ត្នប្រយែងចំពោះរឿងនេះយ៉ាងខ្លាំង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង