ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលចំនួន៥៧រូប របស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ប្រធានសមាគមសហព័ន្ធយុជនសេដ្ឋកិច្ចកម្ពុជា ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព រួមជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលនៃសមាគម បានប្ដេជ្ញាខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ដែលប្រកាសចូលកាន់តំណែងខាងលើនេះ មានសមាសភាពចំនួន៥៧រូប ក្នុងនោះឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន និងមានអនុប្រធាន៣២រូប។
លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារវិស័យនេះ។
លោកឧកញ៉ា បន្តថា គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានបង្ហាញគាំទ្រគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកឧកញ៉ា ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាលទាំង៥៧រូប ត្រូវតែគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
ជាមួយគ្នានេះ លោកឧកញ៉ា ឡី សុភាព ក៏បានណែនាំឱ្យគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវតែមានគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេស ត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនាឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ៕