នេះជាខណៈដ៏មហាសែនរន្ធត់មួយ ខណៈដែលរថយន្ត១គ្រឿង បើកក្នុងល្បឿនដ៏ខ្ពស់បំផុត បានបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវ នៅពេលវាព្យាយាមបើកវ៉ាស្តាំរថយន្តដឹកទំនិញ១គ្រឿង ស្ថិតនៅលើដងផ្លូវដាច់ស្រយាលមួយកន្លែងនៅក្នុងប្រទេសចិន ។ ហើយវីដេអូនៃហេតុការណ៍ដ៏សាហាវនេះ ក៏ត្រូវបានកត់ត្រាពីកាមេរ៉ារបស់រថយន្តបង្កផងដែរ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង ១២ ព្រឹកថ្ងៃទី២៨ ខែកក្កដា រថយន្ត១គ្រឿង បានកំពុងធ្វើដំណើរនៅលើផ្លូវដាច់ស្រយាលមួយនៅក្នុងប្រទេសចិន ជាមួយល្បឿនរហូត ១៦០ គីឡូម៉ែត្រ/ម៉ោង ។ នៅពេលនោះ រថយន្តបង្កនេះបានមានបំណងវ៉ាស្តាំរថយន្តដឹកទំនិញ ប៉ុន្តែ ទោះបីបានរកឃើញមានរថយន្ត១គ្រឿងកំពុងថតនៅអែមចិញ្ចើមផ្លូវខាងស្តាំក៏ដោយ ក៏រថយន្តនេះពុំមានបំណងកែតម្រូវល្បឿនណាមួយឡើយ និងបានបុកអ្នកដំណើរកំពុងឈរនៅផ្នែកខាងកោយរថយន្តថតនោះយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងខ្ទាតយ៉ាងសាហាវតែម្តង ។
កម្លាំងបុករបស់រថយន្តបង្កនេះ បានបណ្តាលឲ្យរថយន្តថតស្ងៀម រុលទៅមុខច្រើនម៉ែត្រ ។ មនុស្ស ៣ នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរបំផុត នៅក្នុងហេតុការណ៍ដ៏មហារន្ធត់នេះ ។
មនុស្សជាច្រើនបានលើកឡើងថា អ្នកបើករថយន្តបង្កនេះ ពុំអាចព្យាករណ៍ពីស្ថានភាពជុំវិញរថយន្តដឹកទំនិញខាងមុខ ដើម្បីគេចពីឧបសគ្គទេ ហើយភាពខ្វះការមើលឃើញ និងភាពស្លន់ស្លោត្រូវបានស្តីបន្ទោស ៕ ឧត្តម